ព័ត៌មានអន្តរជាតិ

IAEA បើកការិយាល័យ នៅរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា មុនពេលបញ្ចេញទឹកវិទ្យុសកម្ម ចូលក្នុងមហាសមុទ្រ

Kyodo

តូក្យូ៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បានបើកការិយាល័យ​នៅឯ រោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដើម្បីត្រួតពិនិត្យការហូរចេញ ប្រកបដោយសុវត្ថិភាពនៃទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលរួច ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

ពិធីសម្ពោធការិយាល័យនេះ បានធ្វើឡើងនៅពេលដែលអគ្គនាយក IAEA លោក Rafael Grossi បានទៅទស្សនារោងចក្រថាមពល Fukushima Daiichi មួយថ្ងៃបន្ទាប់ពីអ្នកឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ បានធានាសុវត្ថិភាពនៃផែនការ បញ្ចេញរបស់ប្រទេសជប៉ុន ចំពេលមានការព្រួយបារម្ភ ពីអ្នកនេសាទក្នុងស្រុក ក៏ដូចជាប្រទេសចិន និងប្រទេសជិតខាងផ្សេងទៀត។

លោក Grossi បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ថាលោកដឹងពីការព្រួយបារម្ភបែបនេះ ចំពោះផែនការនេះ ហើយយកចិត្តទុកដាក់លើបញ្ហានេះ។

លោក Grossi បាននិយាយនៅឯរោងចក្រហ្វូគូស៊ីម៉ា ដែលរងការខូចខាត ដោយការរញ្ជួយដីដ៏ខ្លាំងមួយ និងបានកើតមានឡើងនៅឆ្នាំ២០១១ ថា “IAEA គឺជាស្ថាប័នរបស់មនុស្សគ្រប់គ្នា” ហើយបេសកកម្មរបស់ខ្លួន គឺដើម្បីធានា “សុវត្ថិភាពនុយក្លេអ៊ែរ” ។

IAEA បានឲ្យដឹង ខ្លួនគ្រោងនឹងផ្តល់ព័ត៌មានថ្មីៗ តាមពេលវេលាជាក់ស្តែង លើដំណើរការបញ្ចេញទឹក រួមទាំងទិន្នន័យពាក់ព័ន្ធ នៅលើគេហទំព័ររបស់ខ្លួន ដោយលោក Grossi បានសន្យាថា អ្នកជំនាញ IAEA នឹងត្រលប់មក ហ្វូគូស៊ីម៉ា ម្តងហើយម្តងទៀត ដោយសារការងាររបស់ពួកគេ មិនទាន់បញ្ចប់ជាមួយនឹងការចេញផ្សាយព័ត៌មាន និងការវាយតម្លៃ។

ចំពេលមានការព្រួយបារម្ភ អំពីការបញ្ចេញទឹកវិទ្យុសកម្មនេះ លោក Grossi បានលើកឡើងថា ទីភ្នាក់ងាររបស់លោកនឹង ដាក់មន្ត្រីនៅការិយាល័យហ្វូគូស៊ីម៉ា នៅពេលដែលការបង្ហូរចេញចាប់ផ្តើម ហើយបន្តធានាថា ការបញ្ចេញទឹកត្រូវបានធ្វើឡើងស្របតាមផែនការ​ ហើយដំណើរការនេះត្រូវបានគេរំពឹងថា នឹងចំណាយពេលច្រើនទសវត្សរ៍៕

ប្រែសម្រួល ឈូក បូរ៉ា

To Top