ព័ត៌មានអន្តរជាតិ

Update៖ ប្រមុខការទូតចិន រិះគន់ទៅលើប្រទេសជប៉ុន ដែលមាននិន្នាការអវិជ្ជមានចំពោះបញ្ហាកោះតៃវ៉ាន់

រូបភាពពី៖​ KYODO

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ថា ក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រមុខការទូតរបស់ប្រទេសចិនលោក Wang Yi នៅថ្ងៃព្រហស្បតិ៍នេះ បានរិះគន់ទៅលើប្រទេសជប៉ុន ចំពោះ “និន្នាការអវិជ្ជមានលើបញ្ហាកោះតៃវ៉ាន់” នៅពេលគាត់បានជួបគ្នានៅទីក្រុងប៉េកាំងជាមួយអតីតប្រធានសភាតំណាងរាស្រ្ត Yohei Kono ដែលដឹកនាំគណៈប្រតិភូជប៉ុន ។

លោក Wang បានរិះគន់ការអះអាងរបស់មជ្ឈដ្ឋានមួយចំនួននៅក្នុងប្រទេសជប៉ុនថា ភាពអាសន្នណាមួយទាក់ទងនឹង កោះតៃវ៉ាន់នឹងក្លាយជាគ្រាអាសន្នសម្រាប់ប្រទេសជប៉ុន ដោយហៅករណីនេះថា “មិនសមហេតុផល និងគ្រោះថ្នាក់បំផុត” និងបានជំរុញឱ្យក្រុងតូក្យូ “មានការប្រុងប្រយ័ត្នខ្ពស់បំផុត” ។

លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ស្ថិតក្នុងចំណោមអ្នកតស៊ូមតិ​ នៃការទាមទារនេះដែរ ។ ក្រុងប៉េកាំងបានចាត់ទុកកោះប្រជាធិបតេយ្យដែលគ្រប់គ្រងដោយខ្លួនឯងថា ជាខេត្តដែលខ្លះលះបង់ចោល ហើយប្រឆាំងនឹងទំនាក់ទំនងផ្លូវការណាមួយជាមួយបរទេស ។

នៅក្នុងជំនួបជាមួយលោក Kono ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងជាមួយសមាជិកគណៈប្រតិភូប្រមាណ៨០នាក់ រួមទាំងតំណាងធុរកិច្ចជាច្រើននាក់ លោក Wang បានថ្លែងថា ទំនាក់ទំនងវាងចិន និងជប៉ុន “កំពុងស្ថិតនៅក្នុងដំណាក់កាលសំខាន់ថ្មីមួយទៀត” ជាមួយប្រទេសទាំង២បានប្រារព្ធខួបលើកទី៤៥នៃការបញ្ចប់នៃឆ្នាំ២០២៣នេះ ហើយសន្ធិសញ្ញាសន្តិភាព និងមិត្តភាពទ្វេភាគីឆ្នាំ១៩៧៨ ។

លោក Wang បានជំរុញឱ្យក្រុងតូក្យូ ប្រឆាំងនឹងការកាត់ផ្តាច់ចេញពីសេដ្ឋកិច្ចធំទី២របស់ពិភពលោក និង “មិនបានរាប់បញ្ចូលនូវការជ្រៀតជ្រែកពីខាងក្រៅឡើយ” ដោយសំដៅលើសម្ព័ន្ធមិត្តសន្តិសុខរបស់ប្រទេសជប៉ុន គឺសហរដ្ឋអាមេរិក ។

ស្របពេលមានការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសចិន កាន់តែខ្លាំង ក្រុងវ៉ាស៊ីនតោន បានអំពាវនាវឱ្យកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចលើក្រុមហ៊ុនយក្សនៅអាស៊ីមួយនេះផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top