បរទេស ៖ លោកប្រធានាធិបតី Joe Biden បានប្រាប់ទូរទស្សន៍ CNN នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក មានឆន្ទៈផ្តល់ជូនទីក្រុងគៀវ នូវការរៀបចំសន្តិសុខ ដែលបច្ចុប្បន្នផ្តល់ ជូនដល់អ៊ីស្រាអែលជំនួស ឱ្យសមាជិកភាព ក្នុងអង្គការណាតូ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Biden បាននិយាយអំពីប្រទេស អ៊ុយក្រែនថា «ខ្ញុំមិនគិតថា អ៊ុយក្រែនត្រៀមខ្លួន ជាស្រេចសម្រាប់សមាជិកភាព ក្នុងអង្គការណាតូទេ ហើយ ខ្ញុំក៏គិតថា មិនមានការឯកភាពគ្នានៅណាតូ អំពីការយកអ៊ុយក្រែនចូលក្នុងគ្រួសារណាតូ នោះដែរ, នៅពេលនេះ គឺជាពេលនៅកណ្តាលសង្រ្គាម» ។
លោក Biden បានប្រាប់ទូរទស្សន៍ CNN ទៀតថា សមាជិកភាពនៅក្នុងប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិកមានន័យថា ការប្តេជ្ញាចិត្ត ដើម្បីការពារទឹកដីរបស់ខ្លួនទាំងអស់ ដូច្នេះ “ប្រសិនបើសង្រ្គាមកំពុងបន្ត នោះយើងទាំងអស់គ្នា នៅក្នុងសង្រ្គាម ។ យើងកំពុងធ្វើសង្រ្គាមជាមួយរុស្ស៊ី ។
សូមជម្រាបថា ប្រទេសអ៊ុយក្រែន បានទាមទារការអញ្ជើញពីណាតូ ឬយ៉ាងហោចណាស់ មានសេចក្តីប្រកាស អំពីពេលណាដែលខ្លួនអាចត្រៀមខ្លួនរួច ជាស្រេចក្នុងការនាំយកបញ្ហារបស់ខ្លួន ចូលក្នុងក្រុមប្រឹក្សានៅឯកិច្ចប្រជុំកំពូល នាពេលខាងមុខនៅទីក្រុង Vilnius ប្រទេសលីទុយអានី។
ប្រធានាធិបតីអាមេរិក វ័យចំណាស់រូបនេះ បាននិយាយថា វា “មិនទាន់ដល់កំណត់” ក្នុងការអំពាវនាវឱ្យ មានការបោះឆ្នោត នៅពេលនេះ ហើយបានពណ៌នា ណាតូថា ជា “ដំណើរការ ដែលចំណាយពេលខ្លះ” និង ពាក់ព័ន្ធនឹងការកែទម្រង់ ដូចជាលទ្ធិប្រជាធិបតេយ្យ ។ លោក Biden បាននិយាយទៀតថា សហរដ្ឋអាមេរិកចាំបាច់ត្រូវបង្ហាញ “ផ្លូវសមហេតុផល” សម្រាប់អ៊ុយក្រែន ដើម្បីមានលក្ខណៈគ្រប់គ្រាន់ សម្រាប់សមាជិកភាព៕
ប្រែសម្រួលៈ ណៃ តុលា
