បរទេស៖ បណ្តាអង្គការមនុស្សធម៌ កាលពីថ្ងៃសុក្របានថ្កោលទោសផែនការរបស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោមដ៏ចម្រូងចម្រាសដល់អ៊ុយក្រែន ដោយក្រុមអង្គការទាំងនោះ បានលើកឡើងពីគ្រោះថ្នាក់យូរអង្វែងដែលបង្កឡើងដោយអាវុធដែលបន្សល់ទុក នូវគ្រាប់បែកមិនទាន់ផ្ទុះ។
យោងតាមសារព័ត៌មាន Japan Today ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Baptiste Chapuis នៃអង្គការជនពិការអន្តរជាតិ – មនុស្សធម៌ និងការដាក់បញ្ចូល (HI) បាននិយាយថា “នេះគឺជាការកាត់ទោសប្រហារជីវិតដល់ជនស៊ីវិលក្នុងរយៈពេលវែង។ មានមនុស្សមិនទាន់កើតដែលនឹងធ្លាក់ខ្លួនជាជនរងគ្រោះ” ចំពោះគ្រាប់បែកចង្កោម។
ប៉ុន្មានថ្ងៃមុនកិច្ចប្រជុំកំពូលរបស់អង្គការ ណាតូ នៅរដ្ឋធានី Vilnius របស់ប្រទេសលីទុយអានី នៅសប្តាហ៍ក្រោយ ចំណាត់ការរបស់អាមេរិក បានកើតឡើងនៅពេលដែលសម្ព័ន្ធមិត្ត កំពុងស្វែងរកជំនួយបន្ថែមដើម្បីផ្តល់ឲ្យទីក្រុងគៀវ ខណៈដែលការវាយលុករបស់ប្រទេសនេះ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី មានភាពយឺតយ៉ាវក្នុងការឈានទៅមុខ។
នៅពេលដែលគ្រាប់បែកទាំងនោះបំផ្ទុះ គឺគ្រាប់បែកចង្កោមបានសាយភាយគ្រាប់បែកតូចៗ រាប់សិបគ្រាប់លើផ្ទៃដីដែលមានទំហំប៉ុនទីលានបាល់ទាត់ជាច្រើន ដោយមួយចំនួនធំបានកប់ខ្លួនវានៅក្នុងដី ជាជាងការផ្ទុះ។
ដូច្នេះ សព្វាវុធទាំងនោះបានបន្សល់ទុក នូវគ្រាប់មីនប្រឆាំងមនុស្សយ៉ាងច្រើន ដោយជំរុញឱ្យមានរលក នៃការថ្កោលទោសសូម្បីតែមុនពេលការប្រគល់របស់អាមេរិក ត្រូវបានបញ្ជាក់៕ ប្រែសម្រួលៈ ណៃ តុលា