ព័ត៌មានអន្តរជាតិ

ប្រទេសនីហ្សេរីយ៉ា បញ្ជាក់ពីការផ្ទុះជំងឺដ៏សាហាវ បន្ទាប់ពីសម្លាប់កូនក្មេងម្នាក់

រូបភាពពី៖​ AFP

នីហ្សេរីយ៉ា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា អាជ្ញាធរសុខាភិបាលរបស់ប្រទេសនីហ្សេរីយ៉ា បានប្រកាសពីការផ្ទុះឡើង នៃជំងឺខាន់ស្លាក់កាលពីថ្មីៗនេះ មួយខែបន្ទាប់ពីជំងឺនេះបានសម្លាប់ក្មេងអាយុ ៤ ឆ្នាំក្នុងរដ្ឋធានី Abuja របស់ប្រទេសនេះ ។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺនីហ្សេរីយ៉ា (NCDC) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្ទុះឡើងជាច្រើនបានកើតឡើងនៅទូទាំងប្រទេសចាប់តាំងពីចុងឆ្នាំមុន ជាមួយនឹងករណីដែលបានបញ្ជាក់ចំនួន ៧៩៨ ករណីគិតត្រឹមខែមិថុនា នៃឆ្នាំនេះ។ NCDC បានបន្តថា រហូតមកដល់ពេលនេះការស្លាប់សរុបចំនួន ៨០ ត្រូវបានកត់ត្រាក្នុងចំណោមករណីត្រូវបានបញ្ជាក់ទាំងអស់។

នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺបាននិយាយថា រោគខាន់ស្លាក់ គឺជាជំងឺឆ្លងខ្លាំងបង្កឡើងដោយជាតិពុលដែលផលិតដោយបាក់តេរីអាចនាំឲ្យពិបាកដកដង្ហើម បញ្ហាចង្វាក់បេះដូង និងសូម្បីតែស្លាប់ ។

ទីភ្នាក់ងារសុខភាពរបស់ប្រទេសអាហ្រ្វិកខាងលិច បាននិយាយថា វាគឺជាជំងឺអាចការពារបានដោយថ្នាំបង្ការ ដែលគ្របដណ្តប់ដោយវ៉ាក់សាំងមួយ ក្នុងចំណោមវ៉ាក់សាំងផ្តល់ជាប្រចាំតាមរយៈកាលវិភាគចាក់ថ្នាំបង្ការកុមារនៅនីហ្សេរីយ៉ា។ ករណីបានបញ្ជាក់ភាគច្រើនបានកើតឡើង ក្នុងចំណោមកុមារមានអាយុចន្លោះពី ២ ទៅ ១៤ ឆ្នាំ។

យោងតាម NCDCថា ទោះបីជាមានវ៉ាក់សាំងសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងប្រទេសក៏ដោយ ក៏អ្នកឆ្លងជំងឺភាគច្រើនមិនត្រូវបានចាក់វ៉ាក់សាំងទេ។ វាបានជំរុញប្រជាជនឲ្យទទួលការចាក់ថ្នាំ ហើយបុគ្គលិកថែទាំសុខភាពត្រូវបានណែនាំ ឲ្យជូនដំណឹងជាបន្ទាន់ដល់មន្ត្រីឃ្លាំមើលជំងឺអំពីករណីសង្ស័យ។

ទន្ទឹមនឹងនេះ លេខាធិការដ្ឋានសេវាសុខភាព និងមនុស្សនៅ Abuja ត្រូវបានគេនិយាយថា បានដំណើរការប្រព័ន្ធគ្រប់គ្រងឧប្បត្តិហេតុរោគខាន់ស្លាក់ (IMS) ដើម្បីសម្របសម្រួលសកម្មភាពឆ្លើយតបនឹងការរីករាលដាល៕ ដោយ៖លី ភីលីព

To Top