បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា កាលពីថ្ងៃម្សិលមិញនេះ ប្រទេសអ៊ីតាលី បានប្រកាសតភ្ជាប់ជើងហោះហើរ ជាមួយនឹងប្រទេសលីប៊ី វិញហើយនៅរដូវស្លឹកឈើជ្រុះខាងមុខ។
ប្រភពដដែលបានបញ្ជាក់ទៀតថា រដ្ឋាភិបាលទីក្រុងរ៉ូម កន្លងមកបានប្រកាសដាក់បម្រាម ការហោះហើរនេះអស់រយៈពេលជាងមួយទសវត្សមកហើយ ក្រោយពេលដែលមានការទំលាក់មេដឹកនាំលោក Muammar Gaddafi និងអន្តរាគមន៍របស់អង្គការណាតូ។
ស្ថានទូតអ៊ីតាលីនៅក្នុងទីក្រុងទ្រីប៉ូលីបានបង្ហោះសារចំនួន២នៅលើ Twitter កាលពីថ្ងៃអាទិត្យដោយបញ្ជាក់ថា ក្រុមប្រតិភូដែលធ្វើដំណើរពីទីក្រុងរ៉ូម បានទទួលស្វាគមន៍ដោយលោករដ្ឋមន្ត្រីជាន់ខ្ពស់ របស់លីប៊ី និងក៏ដូចជាប្រធានអាកាសចរស៊ីវិលលីប៊ី ផង។
គួរឲ្យដឹងដែរថា ជើងហោះហើរចេញពីលីប៊ី ត្រូវបានកំណត់និងរារាំងជាយូរមកហើយចំពោះគោលដៅដូចជាទុយនីស៊ី ហ្ស៊កដានី តួគី អេហ្ស៊ីប និងស៊ូដង់ ដោយសហភាពអឺរ៉ុប បានហាមឃាត់អាកាសចរណ៍ស៊ីវិលលីប៊ី ពីដែនអាកាសរបស់ខ្លួន៕ ប្រែសម្រួល៖ស៊ុនលី