ព័ត៌មានអន្តរជាតិ

ស៊ីរី អះអាងថា ការផលិតប្រេង និងឧស្ម័ន ធ្លាក់ចុះ ដោយសារការដាក់ទណ្ឌកម្មរបស់​អាមេរិក

Xinhua

ដាម៉ាស់៖ ប្រធាន​ក្រុមហ៊ុន​ប្រេង​រដ្ឋ​មួយ​បានឲ្យដឹង​ថា ផលិតកម្ម​ប្រេង និង​ឧស្ម័ន​របស់​ស៊ីរី ​បាន​ថយចុះ​យ៉ាង​ខ្លាំង​ដោយ​សារ​ តែ​ទណ្ឌកម្ម​របស់​អាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ជាលទ្ធផលនៃការដាក់ទណ្ឌកម្មរបស់​អាមេរិក និងវត្តមានយោធា នៅក្នុងប្រទេសស៊ីរី ការផលិតប្រេងបានថយចុះពី ៣៨៥០០០ បារ៉ែលក្នុងមួយថ្ងៃ ​មុនពេលមានវិបត្តិដល់កម្រិតបច្ចុប្បន្ន ១៥០០០ បារ៉ែលក្នុងមួយថ្ងៃ ខណៈដែលការផលិតឧស្ម័នពី ៣០ លានម៉ែត្រគូបក្នុងមួយថ្ងៃទៅ ១០លានម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ នេះ​បើ​តាម​ប្រធាន​ក្រុមហ៊ុន​ប្រេង​រដ្ឋ​ស៊ីរីលោក Farhan Jamil Abdullah។

លោក Abdullah បានថ្លែងទៅកាន់កាសែតស៊ិនហួ នៅឯពិព័រណ៍ប្រេង ឧស្ម័ន និងថាមពលអន្តរជាតិស៊ីរីលើកទី៤ (SyrPetro 2023) ដែលប្រព្រឹត្តទៅពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែកក្កដា នៅរដ្ឋធានីដាម៉ាស់ ដោយមានការចូលរួមពីក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិចំនួន ៥៥ ដែលមានឯកទេសក្នុងឧស្សាហកម្មប្រេង ការសិក្សាជីកកកាយ​ និងការពិគ្រោះយោបល់។

ដើម្បីព្យាយាមកាត់បន្ថយផលប៉ះពាល់ អវិជ្ជមាននៃគោលនយោបាយ របស់សហរដ្ឋអាមេរិក លោក Abdullah បានលើកឡើងថា ក្រុមហ៊ុនបានបង្កើនប្រតិបត្តិការនៅក្នុងតំបន់ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល នៅភាគខាងលិចនៃទន្លេ Euphrates ហើយកំពុងជីកអណ្តូងនៅក្នុងទីតាំងចំនួន ៥ ដើម្បីជំនះការថយចុះនៃទិន្នផល។

នៅក្នុងពិធីបើកការតាំងពិពណ៌កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីប្រេងស៊ីរីលោក Firas Hassan Kaddour បានបង្ហាញថា ការខាតបង់ក្នុងវិស័យប្រេង ឧស្ម័ន និងរ៉ែក្នុងប្រទេសស៊ីរីមានចំនួនជិត ១០០ពាន់លានដុល្លារអាមេរិក ដោយបានស្នើសុំការវិនិយោគ ក្នុងវិស័យថាមពល និងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅស៊ីរីឡើងវិញ។

លោក Mada Ibrahim វិស្វករគីមីនៃក្រុមហ៊ុនឧស្ម័នស៊ីរី ក៏បានប្រាប់កាសែតផងដែរថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានប៉ះពាល់ដល់ការងាររបស់ពួកគេ ខណៈដែលពួកគេបានរារាំង ការនាំចូលឧបករណ៍ និងគ្រឿងម៉ាស៊ីនចាំបាច់។

ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមស៊ីវិលស៊ីរី ក្នុងឆ្នាំ២០១១ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការរឹតបន្តឹងមួយចំនួន លើប្រទេសស៊ីរី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top