ព័ត៌មានអន្តរជាតិ

មន្រ្តីជាន់ខ្ពស់អ៊ុយក្រែន ប្រាប់សមាជិកសភា អាល្លឺម៉ង់ឱ្យទៅនរក ដែលបានរិះគន់រឿង គ្រាប់បែកចង្កោម

ប្រភព ៖ AFP

បរទេស ៖ អនុរដ្ឋមន្ត្រីការបរទេស អ៊ុយក្រែនលោក អង់ដ្រេ ម៉េលនិក (Andrey Melnik) បានប្រាប់សមាជិកសភាអាល្លឺម៉ង់ឱ្យ “ទៅឋាននរក” បន្ទាប់ពីសមាជិកសភាអាល្លឺម៉ង់រូបនេះ បានប្រឆាំងនឹងការចែកចាយ គ្រាប់បែកចង្កោម ដល់កងកម្លាំង របស់ទីក្រុងគៀវ ។ លោក អង់ដ្រេ ម៉េលនិក ធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលលោកបានដាក់ឈ្មោះខ្លួនឯងដោយការប្រមាថជាសាធារណៈដល់ម្ចាស់ផ្ទះអាល្លឺម៉ង់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាជិកសភាអាល្លឺម៉ង់លោក រ៉ាស់ ស្តេងហ្គ័រ (Ralf Stenger) បានសរសេរនៅលើ Twitter កាលពីថ្ងៃសុក្រថា “ការប្រើប្រាស់គ្រាប់បែកចង្កោម” ត្រូវបានហាមឃាត់យ៉ាងត្រឹមត្រូវជាអន្តរជាតិ។ លោកបន្ថែមថា អ្នកដែល “ធ្វើសកម្មភាពក្នុងនាមសណ្តាប់ធ្នាប់ និងតម្លៃអន្តរជាតិ គឺមិនផ្គត់ផ្គង់អាវុធបែបនេះទេ សូម្បីតែនៅអ៊ុយក្រែន”។ លោក ស្តេងហ្គ័រ គឺជាសមាជិកនៃគណបក្ស SPD របស់អធិការបតីអាល្លឺម៉ង់ លោក អូឡាស់ ស្កូល (Olaf Scholz)។

ប្រធានាធិបតីអាមេរិក លោក Joe Biden បានអនុញ្ញាតឱ្យចែកចាយគ្រាប់បែកចង្កោម ទៅកាន់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ បើទោះបីជារដ្ឋបាល របស់លោក Biden បានសំដៅទៅលើការប្រើប្រាស់ របស់គ្រាប់បែកទាំងនេះថាជា “ឧក្រិដ្ឋកម្មសង្គ្រាម” ដ៏មានសក្តានុពលកាលពីឆ្នាំមុនក៏ដោយ ។ ដោយពន្យល់ពីការ សម្រេចចិត្តរបស់ លោក, លោក Biden បានលើកឡើងពីការ ខ្វះខាតគ្រាប់រំសេវធម្មតា ដោយសារអត្រាប្រើប្រាស់ខ្ពស់ របស់អ៊ុយក្រែន ពេញមួយការវាយលុក ដែលកំពុងបន្ត ។

ការផ្លាស់ប្តូរគោលនយោបាយ របស់លោក Biden ត្រូវបានរិះគន់ដោយសម្ព័ន្ធមិត្តណាតូ មួយចំនួនរបស់អាមេរិក រួមទាំងប្រទេសកាណាដា អេស្ប៉ាញ និងចក្រភពអង់គ្លេស ។

លោក ម៉េលនិក អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានប្រតិកម្មយ៉ាងខឹងសម្បារ ចំពោះការលើកឡើង របស់ លោក របស់ ស្តេងហ្គ័រ ដែលជាសមាជិក សភាអាល្លឺម៉ង់ ។ អ្នកការទូតអ៊ុយក្រែនរូបនេះបានសរសេរ នៅលើ Twitter កាលពីថ្ងៃសៅរ៍ថា “ទៅកាន់ឋាននរកជាមួយ នឹងដំបូន្មានរបស់អ្នក, លោក រ៉ាស់ ស្តេងហ្គ័រ និងអ្នកផ្សេងទៀត” ។ “អ្នកមិនដឹងថា អ្នកកំពុងនិយាយអំពីអ្វីទេ ។ តើអ្នកធ្លាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន ៥០០ថ្ងៃដែរឬទេ? តើ​អ្នក​បាន​ដឹងពីការទទួល​រង​ទុក្ខ​វេទនា​របស់​ប្រជាជន​ទេ? បើមិនអញ្ចឹងទេ អង្គុយលើសាឡុង ប៊ីឌ័រមៃអ័រ (Biedermeier) របស់អ្នកទៅ”។

លោក ម៉េលនិក បានបម្រើការជាឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសអាឡឺម៉ង់ ចាប់ពីឆ្នាំ ២០១៥ រហូតដល់ខែតុលា ឆ្នាំមុន នៅពេលដែលលោក ត្រូវបានគេកោះហៅទៅកាន់ ទីក្រុងគៀវវិញ បន្ទាប់ពីលោកបានកោតសរសើរ ជាសាធារណៈចំពោះ ស្តេផេន បានឌ័ររ៉ា (Stepan Bandera) ដែលជាអ្នកសហការណាស៊ីអ៊ុយក្រែន បានចាត់ទុកថា ជាវីរបុរសដោយអ្នកជាតិ និយមអ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា

To Top