ព័ត៌មានអន្តរជាតិ

មហាអំណាចចិន និងអាមេរិក យល់ព្រមរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់ក្នុងវិស័យសេដ្ឋកិច្ច

Xinhua

ប៉េកាំង៖ ក្រសួងហិរញ្ញវត្ថុចិន បានឲ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានយល់ព្រមរក្សាការផ្លាស់ប្តូរ និងការទំនាក់ទំនងកម្រិតខ្ពស់នៅគ្រប់កម្រិតទាំងអស់ក្នុងវិស័យសេដ្ឋកិច្ច ស្របតាមការឯកភាពគ្នា ដែលប្រមុខរដ្ឋទាំងពីរសម្រេចបានក្នុងអំឡុងពេលកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី

ក្រសួងបានធ្វើការកត់សម្គាល់នេះ នៅពេលធ្វើអត្ថាធិប្បាយលើដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់រដ្ឋលេខាធិការរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen ទៅកាន់ប្រទេសចិន ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ។

ក្រសួងបានឲ្យដឹងថាក្នុងអំឡុងពេលកិច្ចប្រជុំជាមួយលោកស្រី Yellen ភាគីចិន បានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិក នឹងសមហេតុផល និងជាក់ស្តែងក្នុងការនាំយកទំនាក់ទំនងទ្វេភាគីត្រឡប់ទៅរកផ្លូវត្រូវនៅដើមដំបូង។

ក្រសួងបានពន្យល់អំពីគោលជំហររបស់ចិន លើបញ្ហាសេដ្ឋកិច្ចទ្វេភាគី និងបញ្ហាប្រឈមសកលទូទៅ រួមទាំងធម្មជាតិដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនៃទំនាក់ទំនងសេដ្ឋកិច្ចចិន-អាមេរិក។ ក្តីបារម្ភលើទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងការគាបសង្កត់ចិន ជំហររបស់ចិន លើការប្រកួតប្រជែងសេដ្ឋកិច្ចប្រកបដោយសុខភាពល្អ និងឆន្ទៈរបស់ចិនក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។

ដើម្បីសម្រេចបាននូវទំនាក់ទំនងសេដ្ឋកិច្ចចិន-អាមេរិក ប្រទេសចិនជឿជាក់ថា ចាំបាច់ត្រូវគោរពយ៉ាងពេញលេញនូវសិទ្ធិ និងផលប្រយោជន៍នៃការអភិវឌ្ឍន៍ស្របច្បាប់របស់ភាគីទាំងអស់ និងធ្វើការប្រកួតប្រជែងប្រកបដោយសុខភាពល្អ ស្របតាមគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងច្បាប់របស់ WTO ។

ក្រសួងបានបញ្ជាក់ថា “ភាពខុសគ្នាមិនគួរនាំទៅរកការឃ្លាតឆ្ងាយពីគ្នានោះទេ ផ្ទុយទៅវិញ ពួកវាគួរតែជាកម្លាំងចិត្តក្នុងការបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានបន្ថែមថា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែស្វែងរកការឯកភាពគ្នាលើបញ្ហាសេដ្ឋកិច្ចទ្វេភាគីសំខាន់ៗ តាមរយៈការទំនាក់ទំនងដោយស្មោះត្រង់ ដើម្បីបញ្ចូលស្ថិរភាព និងថាមពលវិជ្ជមានទៅក្នុងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top