បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា ទំនាក់ទំនងជាមួយចក្រភពអង់គ្លេសគឺ “រឹងមាំ” នៅពេលដែលគាត់បានទៅ 10 Downing Street ក្នុងទីក្រុងឡុងដ៍ ដើម្បីជួបជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak មុនពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅថ្ងៃអង្គារនៅទីក្រុង Vilnius ប្រទេសលីទុយអានី។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Biden ថា “យើងមានរឿងជាច្រើនដែលត្រូវនិយាយ ខ្ញុំគិតថាយើងធ្វើបានល្អ យើងកំពុងធ្វើដំណើរទៅតាមផ្លូវវិជ្ជមាន” ។
លោក Sunak បាននិយាយដោយសំដៅទៅលើកិច្ចព្រមព្រៀងខែមិថុនា ក្នុងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាទំនើប ថាមពលស្អាត និងសារធាតុរ៉ែសំខាន់ៗ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិនជុំវិញពិភពលោកថា ល្អណាស់សម្រាប់ពួកយើងក្នុងការបន្តការសន្ទនារបស់យើង ដែលពួកយើងទើបតែបានមួយខែមុននេះ វាមានអារម្មណ៍ដូចជានៅក្នុងសេតវិមាន ដែលជាកន្លែងដែលយើងបានចុះហត្ថលេខាលើសេចក្តីប្រកាសអាត្លង់ទិក”។
មន្ត្រីរដ្ឋបាលលោក Biden បានបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចលើកទីប្រាំមួយរបស់មេដឹកនាំក្នុងរយៈពេលប្រាំមួយខែ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចប្រជុំនេះត្រូវបានគ្របដណ្ដប់ដោយការប្រកាសនាពេលថ្មីៗនេះរបស់ទីក្រុងវ៉ាស៊ីនតោនថា ខ្លួននឹងបញ្ជូនគ្រាប់បែកចង្កោមទៅកាន់ប្រទេសអ៊ុយក្រែន បើទោះបីជាគ្រាប់បែកត្រូវបានហាមឃាត់ដោយប្រទេសចំនួន ១២៣ រួមទាំងចក្រភពអង់គ្លេសផងដែរ សម្រាប់សមត្ថភាពសម្លាប់មនុស្សដោយមិនរើសអើងនេះ។
លោក Sunak មិនបានគាំទ្រជាសាធារណៈចំពោះទង្វើនេះទេ ដោយបានកត់សម្គាល់នៅថ្ងៃសៅរ៍ថា ចក្រភពអង់គ្លេសជា “ប្រទេសហត្ថលេខីនៃអនុសញ្ញាដែលហាមឃាត់ការផលិត ឬការប្រើប្រាស់គ្រាប់បែកចង្កោម និងបង្អាក់ការប្រើប្រាស់គ្រាប់បែកប្រភេទនេះ”។
លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «យើងនឹងបន្តធ្វើផ្នែករបស់យើង ដើម្បីគាំទ្រអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានខុសច្បាប់ និងគ្មានការញុះញង់របស់រុស្ស៊ី ប៉ុន្តែយើងបានធ្វើវាដោយការផ្តល់រថក្រោះប្រយុទ្ធធុនធ្ងន់ និងអាវុធរយៈចម្ងាយឆ្ងាយនាពេលថ្មីៗនេះ ហើយសង្ឃឹមថាប្រទេសទាំងអស់អាចបន្តគាំទ្រអ៊ុយក្រែន»។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យថា លោក Sunak កំពុងបំពេញ “កាតព្វកិច្ចផ្លូវច្បាប់របស់លោក” ក្រោមអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម
យ៉ាងណាក៏ដោយ លោកបានច្រានចោលចំពោះការយល់ឃើញថា ការសម្រេចចិត្តបញ្ជូនគ្រាប់បែកចង្កោមកំពុងបង្កើតការបែកបាក់ជាមួយសម្ព័ន្ធភាព៕
ប្រែសម្រួលៈ ណៃ តុលា