ព័ត៌មានអន្តរជាតិ

Update: អង្គការណាតូ បន្ធូរបន្ថយលក្ខខណ្ឌ សម្រាប់​អ៊ុយក្រែន ក្នុងការចូលជាសមាជិករបស់ខ្លួន

រូបភាពពី៖​ XINHUA

គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានបន្ធូរបន្ថយលក្ខខណ្ឌតម្រូវ សម្រាប់សមាជិកភាពរបស់អ៊ុយក្រែន ក្នុងសម្ព័ន្ធភាព ដោយលុបចោលលក្ខខណ្ឌតម្រូវ ដើម្បីអនុវត្តតាមផែនការសកម្មភាពសមាជិកភាព (MAP)។

លោក Kuleba បានសរសេរនៅលើបណ្ដាញ Twitter របស់លោកថា “បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់ សម្ព័ន្ធមិត្តណាតូ បានឈានដល់ការឯកភាពគ្នាលើការដក MAP ចេញពីផ្លូវរបស់អ៊ុយក្រែន ទៅកាន់សមាជិកភាពរបស់អង្គការយោធាមួយនេះ” ។

លោក Kuleba បានពិពណ៌នាការសម្រេចចិត្តនេះថាជា “ការរង់ចាំជាយូរមកហើយ” ដោយកត់សម្គាល់ថា វានឹងធ្វើឱ្យផ្លូវរបស់អ៊ុយក្រែន កាន់តែជិតទៅអង្គការណាតូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅថ្ងៃបន្ទាប់ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងថា ការចរចាលើសេចក្តីប្រកាសចុងក្រោយ នៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ទាក់ទងនឹងអ៊ុយក្រែន នៅតែដំណើរការនៅឡើយ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអង្គការណាតូ ​ប្រព្រឹត្តទៅនៅថ្ងៃទី ១១-១២ ខែកក្កដា នៅទីក្រុង Vilnius ប្រទេសលីទុយអានី ហើយនៅក្នុងនោះដែរ ក៏នឹងមានការជជែកពីការចូលជាសមាជិករបស់ប្រទេសអ៊ុយក្រែន និងស៊ុយអែតផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top