ព័ត៌មានអន្តរជាតិ

វៀតណាម កាត់បន្ថយពន្ធនាំចូលប្រេងសាំង មកត្រឹម ៥,៦២ភាគរយ

រូបភាពពី៖​ XINHUA

ហាណូយ៖ បើយោងតាមក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះ បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាម ​បានកាត់បន្ថយពន្ធនាំចូល ប្រេងសាំងពី ១០ភាគរយមកត្រឹម ៥,៦២ ភាគរយចាប់ពីខែកក្កដានេះតទៅ ដែលនឹងជួយសម្រួលតម្លៃប្រេងសាំងកាន់តែប្រសើរសម្រាប់ប្រជនវៀតណាម។

កាសែតក្នុងស្រុក Vietnam News បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ក្រសួងថា ពន្ធនាំចូលជាមធ្យមលើប្រេងម៉ាស៊ូត ​និងប្រេង mazut បានធ្លាក់ចុះមកត្រឹម ០,៥៨ភាគរយ និង ១,៣៨ភាគរយរៀងៗខ្លួន ដោយមិនមានការកែតម្រូវទៅលើប្រេងប៉ារ៉ាហ្វីននោះទេ។

ក្រសួងបានឲ្យដឹងថា ការកាត់បន្ថយនេះ គឺផ្អែកលើសមាមាត្រ​ នៃប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងប៉ារ៉ាហ្វីន និងប្រេង mazut ដែលនាំចូលដោយពាណិជ្ជករប្រេងឥន្ធនៈក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ហើយត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយតម្លៃប្រេងឥន្ធនៈក្នុងស្រុកនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

តម្លៃស្ដង់ដារមួយចំនួននៅក្នុងតម្លៃមូលដ្ឋានប្រេងសាំង ត្រូវបានផ្លាស់ប្តូរ។ ជាក់ស្តែង ការចំណាយលើអាជីវកម្មក្នុងតម្លៃមូលដ្ឋាននៃប្រេងម៉ាស៊ូត បានធ្លាក់ចុះចំនួន ១៨៤ដុងវៀតណាម (០,០០៧៨ដុល្លារ) ដល់ ៣៦០ ដុងវៀតណាម (០,០១៥ដុល្លារ) ក្នុងមួយគីឡូក្រាម។

គួរបញ្ជាក់ថា ប្រេងសាំង និងប្រេងម៉ាស៊ូត គ្មានជាតិគីមី បានកើនឡើង ៣០ដុងវៀតណាម (០,០០១៣ដុល្លារ) ក្នុងមួយលីត្រ ដល់ ១,០៨០ដុង (០,០៤៦ដុល្លារ) និង ១,០៣០ដុងវៀតណាម (០,០៤៤ដុល្លារ) ក្នុងមួយលីត្រ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top