ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានអនុម័តក្របខ័ណ្ឌឯកជនភាពទិន្នន័យ ដែលមានគោលបំណងធានាឱ្យមានលំហូរទិន្នន័យប្រកបដោយសុវត្ថិភាពរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការអនុម័តនេះបានធ្វើឡើងស្របគ្នាជាមួយនឹងការសម្រេចចិត្ត ដែលបានអនុម័តដោយគណៈកម្មការអឺរ៉ុប ដោយសន្និដ្ឋានថា សហរដ្ឋអាមេរិក “ធានានូវកម្រិត នៃការការពារគ្រប់គ្រាន់ ប្រៀបធៀបទៅនឹងសហភាពអឺរ៉ុប” សម្រាប់ទិន្នន័យផ្ទាល់ខ្លួន ដែលបានផ្ទេរដោយសុវត្ថិភាពពីអឺរ៉ុប ទៅក្រុមហ៊ុនអាមេរិក ក្រោមក្របខណ្ឌថ្មី។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងថា ក្របខ័ណ្ឌថ្មី “នឹងធានាលំហូរទិន្នន័យប្រកបដោយ សុវត្ថិភាព សម្រាប់ប្រជាជនអឺរ៉ុប និងនាំមកនូវភាពច្បាស់លាស់ផ្នែកច្បាប់ដល់ក្រុមហ៊ុនទាំងសងខាងនៃមហាសមុទ្រអាត្លង់ទិក” ។
គណៈកម្មាការអឺរ៉ុបបានឲ្យដឹងទៀតថា ក្របខណ្ឌថ្មីនេះនឹងស្ថិតនៅក្រោមការត្រួតពិនិត្យតាមកាលកំណត់ ដោយគណៈកម្មការអឺរ៉ុប ដំបូងបង្អស់នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយឆ្នាំ៕ ប្រែសម្រួល ឈូក បូរ៉ា