ព័ត៌មានអន្តរជាតិ

Update: ថៃ៖ គណបក្សឆ្ពោះទៅមុខ ព្រមានប្តឹងបក ប្រឆាំងនឹងគណៈកម្មាធិការរៀបចំការបោះឆ្នោតវិញ

រូបភាពពី៖​ AFP

បរទេស៖ គណបក្ស ឆ្ពោះទៅមុខ នៅក្នុងប្រទេសថៃ នៅថ្ងៃពុធនេះ បានគំរាមដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹង គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ដើម្បីការស្វែងរកសេចក្តីសម្រេចពីតុលាការធម្មនុញ្ញ ប្រឆាំងនឹងមេដឹកនាំគណបក្សរបស់ខ្លួន គឺលោក Pita Limjaroenrat ដោយមិនអនុញ្ញាតឱ្យលោកការពារខ្លួនជាមុន។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា គណបក្សឆ្ពោះទៅមុខ បានចោទគណៈកម្មាធិការរៀបចំការបោះឆ្នោត ពីបទរំលោភលើមាត្រា ១៥៧ នៃក្រមព្រហ្មទណ្ឌ ដោយប្រកាសថា គណៈកម្មាធិការរៀបចំការបោះឆ្នោត បានសម្រេចស្នើឱ្យតុលាការធម្មនុញ្ញសម្រេចថាតើលោក Pita គួរតែត្រូវបានដកសិទ្ធិជាសមាជិក សភាសម្រាប់ការកាន់កាប់ភាគហ៊ុនចំនួន ៤២ ០០០ ក្នុង iTV Plc នៅពេលដែលលោកបានដាក់ពាក្យឈរឈ្មោះក្នុងការបោះឆ្នោតថ្ងៃទី ១៤ ខែឧសភា។

នៅក្នុងរដ្ឋធម្មនុញ្ញរបស់ថៃ មាត្រា ១៥៧ គឺហាមមន្ត្រីរបស់រដ្ឋ ខកខានបំពេញកាតព្វកិច្ចផ្លូវច្បាប់។ EC ក៏បានស្នើឱ្យតុលាការព្យួរសមាសភាពរបស់លោក Pita ក្នុងនាមជាសមាជិកសភា ដោយរង់ចាំការសម្រេចរបស់ខ្លួន។

មន្រ្តីរបស់គណបក្សឆ្ពោះទៅមុខ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈកម្មាធិការរៀបចំការបោះឆ្នោត បានបរាជ័យក្នុងការអនុវត្តតាមបទប្បញ្ញត្តិរបស់ខ្លួនទាំងស្រុងសម្រាប់ការស៊ើបអង្កេតប្រឆាំងនឹងបេក្ខជនបោះឆ្នោត ដោយពន្យល់ថា គណៈកម្មាធិការរៀបចំការបោះឆ្នោត មិនបានផ្តល់ឱកាសឱ្យលោក Pita ការពារខ្លួនចំពោះក្រុមស៊ើបអង្កេតរបស់ EC មុនពេលស្នើសុំឱ្យតុលាការកាត់ក្តីលើករណីនេះ។

កាលពីថ្ងៃអង្គារ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ លោក Ittiporn Boonpracong បានទទូចថា EC មានសិទ្ធិអំណាចក្នុងការស្វែងរកសេចក្តីសម្រេចពីតុលាការធម្មនុញ្ញប្រឆាំងនឹងលោកPita ភ្លាមៗ ដោយសារខ្លួនបានទាញមាត្រា ៨២ នៃរដ្ឋធម្មនុញ្ញដើម្បីធ្វើការស៊ើបអង្កេតស្វែងរកការពិតថាតើលោក Pita គួរតែត្រូវបានដកសិទ្ធិពីការប្រកួតប្រជែងក្នុងការបោះឆ្នោតដែរឬយ៉ាងណា? ប្រែសម្រួលៈ ណៃ តុលា

To Top