បរទេស ៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសថា ប្រទេសបារាំងនឹងផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន សម្រាប់គាំទ្រ នឹងការវាយលុករបស់ខ្លួន ដែលកំពុងបន្ត។ កាលពីខែឧសភា ចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងគេ ដែលបញ្ជូនអាវុធប្រភេទនេះ ទៅកាន់ទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅមុនកិច្ចប្រជុំកំពូល ណាតូ នៅទីក្រុង Vilnius ប្រទេសលីទុយអានី កាលពីថ្ងៃអង្គារ លោក ម៉ាក្រុង បាននិយាយថា លោកបានសម្រេចចិត្ត «បង្កើនការចែកចាយសព្វាវុធ និងបរិក្ខារដល់អ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យពួកគេវាយលុកយ៉ាងជ្រៅ ចូលទៅក្នុងទឹកដីសត្រូវ»។ លោកបានបន្ថែមថា រដ្ឋាភិបាលទីក្រុងប៉ារីស នឹងបន្តប្រកាន់ខ្ជាប់ នូវគោលនយោបាយរបស់ខ្លួនក្នុងការជួយអ៊ុយក្រែនក្នុង “ការការពារទឹកដី” ។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ទីក្រុងប៉ារីសកំពុងរៀបចំផែនការ ជំរុញការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន ដោយផ្តោតជាពិសេសលើកាំភ្លើងធំ និងប្រព័ន្ធការពារអាកាស ។ អ្នកការទូតរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសបារាំងបានប្តេជ្ញាចិត្ត “បំពេញការប្តេជ្ញាចិត្តនេះ” ។
កាលពីខែឧសភា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានប្រកាសថា ចក្រភពអង់គ្លេសនឹងផ្តល់ឱ្យអ៊ុយក្រែននូវមីស៊ីល Cruise Storm Shadow ដែលជាមីស៊ីលបាញ់បានរយៈចម្ងាយជាង ២៥០គីឡូម៉ែត្រ៕
ប្រែសម្រួលៈ ណៃ តុលា
