កាធុម៖ រដ្ឋាភិបាលស៊ូដង់ បានច្រានចោលការដាក់ពង្រាយ កងទ័ពបរទេសណាមួយ នៅលើទឹកដីរបស់ខ្លួន ជាការឆ្លើយតបទៅនឹងសំណើរបស់អាជ្ញាធរអន្តររដ្ឋាភិបាល ស្តីពីការអភិវឌ្ឍន៍ (IGAD) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងការបរទេសស៊ូដង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋាភិបាលនៃប្រទេសស៊ូដង់ បញ្ជាក់ជាថ្មីនូវការបដិសេធរបស់ខ្លួន ចំពោះការដាក់ពង្រាយកងកម្លាំងបរទេសនៅក្នុងប្រទេសស៊ូដង់ ហើយនឹងចាត់ទុកពួកគេថាជាអ្នកឈ្លានពាន” ។
ក្រសួងបានសម្តែងការភ្ញាក់ផ្អើល ចំពោះសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed Ali ដែលបានលើកឡើងថា មានភាពខ្វះចន្លោះក្នុងការដឹកនាំរដ្ឋនៅក្នុងប្រទេសស៊ូដង់។
ក្រសួងការបរទេសស៊ូដង់បានឲ្យដឹងទៀតថា “រដ្ឋាភិបាលនៃប្រទេសស៊ូដង់ ចាត់ទុកសេចក្តីថ្លែងការណ៍បែបនេះថា ជាការរំលោភលើអធិបតេយ្យភាពរបស់ស៊ូដង់ ដែលជាការមិនអាចទទួលយកបាន”។ ប្រភពបានបន្ថែមថា “ស៊ូដង់ បានជូនដំណឹងដល់ IGAD ថាការមិនគោរព ចំពោះមតិរបស់រដ្ឋសមាជិក នឹងធ្វើឱ្យស៊ូដង់ពិចារណាឡើងវិញអំពីលទ្ធភាពនៃសមាជិកភាពរបស់ខ្លួននៅក្នុងអង្គការ” ។
កាលពីថ្ងៃចន្ទ កិច្ចប្រជុំ នៃគណៈកម្មាធិការត្រីមាស IGAD ត្រូវបានធ្វើឡើងនៅរដ្ឋធានីអាឌីសអាបាបា របស់ប្រទេសអេត្យូពី ដើម្បីពិភាក្សាអំពីការអនុវត្តផែនទីបង្ហាញផ្លូវ IGAD សម្រាប់សន្តិភាពនៅក្នុងប្រទេសស៊ូដង់។
គណៈប្រតិភូកងទ័ពស៊ូដង់ បានធ្វើពហិការមិនចូលរួមកិច្ចប្រជុំ ក្នុងការតវ៉ាប្រឆាំងនឹងការដឹកនាំរបស់កេនយ៉ា នៃគណៈកម្មាធិការបួនក្រុម ដែលរួមមានអេត្យូពី ជីប៊ូទី និងស៊ូដង់ខាងត្បូង ខណៈពេលដែលកងកម្លាំងគាំទ្ររហ័សរបស់ស៊ូដង់ (RSF) បានស្វាគមន៍កិច្ចប្រជុំនេះ។
ក្រសួងការបរទេសស៊ូដង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលស៊ូដង់ បាននឹងកំពុងអំពាវនាវឱ្យមានការផ្លាស់ប្តូរប្រធានគណៈកម្មាធិការចាប់តាំងពីកិច្ចប្រជុំកំពូល IGAD នៅប្រទេសជីប៊ូទី ក្នុងខែមិថុនា ដោយលើកឡើងពីកង្វះ “ភាពមិនលំអៀង” របស់ប្រធានាធិបតីកេនយ៉ា ក្នុងវិបត្តិដែលកំពុងបន្ត៕ ប្រែសម្រួល ឈូក បូរ៉ា