ព័ត៌មានអន្តរជាតិ

ថៃ៖ មេធាវីសិទ្ធិមនុស្ស ព្រមានគណៈកម្មាធិការ រៀបចំការបោះឆ្នោតថា ប្រជាជនទូទាំង ប្រទេសនឹងងើបតវ៉ា ប្រសិនបើមេដឹកនាំ គណបក្សឆ្ពោះទៅមុខ ត្រូវរារាំងមិនឱ្យក្លាយ ជានាយករដ្ឋមន្ត្រីបន្ទាប់

ប្រភព ៖ AFP

បរទេស ៖ មេធាវីសិទ្ធិមនុស្សគឺលោក អាណន្ត ណាំប៉ា (Arnon Nampa) កាលពីថ្ងៃពុធបានព្រមាន គណៈកម្មាធិការ រៀបចំការបោះឆ្នោត (EC) របស់ថៃថា ប្រជាជនទូទាំងប្រទេស នឹងងើបតវ៉ា ប្រសិនបើមេដឹកនាំគណបក្សឆ្ពោះទៅមុខ ឬ Move Forward លោក ពីតា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ត្រូវបានរារាំងមិនឱ្យក្លាយជា នាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ ។

យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក អាណន្ត ដែលបានចូលរួមក្នុងចលនាគាំទ្រ លទ្ធិប្រជាធិបតេយ្យជាច្រើន បាននិយាយបែបនេះទៅកាន់ហ្វូងមនុស្ស ដែលបានប្រមូលផ្តុំគ្នានៅ ស្កាយវ៉ក (Skywalk) ទល់មុខមជ្ឈមណ្ឌលសិល្បៈនិងវប្បធម៌បាងកក នៃសង្កាត់ ប៉ាទុំ វ៉ាន់ កាលពីល្ងាចថ្ងៃពុធ ។

អ្នកគាំទ្រលោក ពីតា បានប្រមូលផ្តុំគ្នានៅ ស្កាយវ៉ក កាលពីម៉ោងប្រហែល ៦ ថ្ងៃពុធ ល្ងាចបន្ទាប់ពីគណៈកម្មាធិការ រៀបចំការបោះឆ្នោតថៃ បានសម្រេចកាលពីថ្ងៃពុធ ដើម្បីសុំឱ្យតុលាការធម្មនុញ្ញដកលោក ពីតា ក្នុងនាមជាសមាជិកសភា ដោយចោទថា លោកបានកាន់កាប់ភាគហ៊ុនចំនួន ៤២ ០០០ នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV នៅពេលលោកដាក់ឯកសារដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតថ្ងៃទី ១៤ ខែឧសភា ។

នៅពេលដឹងពីដំណោះស្រាយនេះ ហើយ លោក ពីតា បានឆ្លើយតបថា គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ហាក់ដូចជាបានពន្លឿន ការស៊ើបអង្កេតការកាន់កាប់ភាគហ៊ុន iTV ប្រឆាំងនឹងរូបលោកនៅមុនការបោះឆ្នោតនាយករដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍ ។ លោកពីតាបង្ហាញអារម្មណ៍ថា លោកមិនត្រូវបានប្រព្រឹត្តដោយយុត្តិធម៌ ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតនោះទេ ដោយសារក្រុមស៊ើបអង្កេត របស់គណៈកម្មាធិការនេះ មិនដែលបានកោះហៅលោក និងផ្តល់ឱកាសឱ្យគាត់ពន្យល់ ពីជំហររបស់លោកឡើយ។

សូមជម្រាបថា កាលពីថ្ងៃពុធ តុលាការធម្មនុញ្ញប្រទេសថៃ បានទទួលយកញត្តិប្រឆាំងនឹងលោក ពីតា និងគណបក្ស ឆ្ពោះទៅមុខ ឬ Move Forward ជុំវិញយុទ្ធនាការបោះឆ្នោតរបស់ពួកគេ ដើម្បីកែប្រែមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលគេស្គាល់ថាជាច្បាប់ប្រមាថព្រះមហាក្សត្រ។

ហ្វូងមនុស្សនៅ ស្កាយវ៉ក បានជំរុញឱ្យគណៈកម្មាធិការ រៀបចំការបោះឆ្នោត និងតុលាការ បញ្ឈប់ការប៉ុនប៉ងណាមួយដើម្បីរារាំងលោក ពីតា ពីការក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ មុនពេលការបោះឆ្នោតសភានៅព្រឹកថ្ងៃព្រហស្បតិ៍។

លោក អាណន្ត ណាំប៉ា ដែលជាមេធាវីសិទ្ធិមនុស្ស ក៏បានអញ្ជើញអ្នកគាំទ្រ លោកពីតា ឱ្យប្រមូលផ្តុំនៅអគារសភាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីផ្តល់ការគាំទ្រ ខាងសីលធម៌ដល់លោក ពីតា និងគណបក្សឆ្ពោះទៅមុខ។ លោក ណាំប៉ា ក៏បានស្នើឱ្យប៉ូលីស ជៀសវាងការប្រើឧស្ម័នបង្ហូរទឹកភ្នែក ឬអំពើហិង្សាលើសាធារណជន ចំពោះការប្រមូលផ្តុំកាលពីថ្ងៃព្រហស្បតិ៍នេះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top