ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអង្គការណាតូ ​បញ្ឈប់ការប៉ុនប៉ងដ៏គ្រោះថ្នាក់​ ដើម្បីធ្វើឱ្យអស្ថិរភាពអឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក

រូបភាពពី៖​ XINHUA

ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យអង្គការណាតូ បញ្ឈប់ជាបន្ទាន់ នូវការនិយាយកុហក និងការបំភាន់អំពីប្រទេសចិន បញ្ឈប់ការប៉ុនប៉ងដ៏គ្រោះថ្នាក់ ដើម្បីធ្វើឱ្យអស្ថិរភាពអឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក និងបញ្ឈប់ការស្វែងរកលេស សម្រាប់ការពង្រីកជាបន្តបន្ទាប់របស់ខ្លួន។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដែលបានចេញក្នុងអំឡុងពេលកិច្ចប្រជុំកំពូលណាតូ ដែលកំពុងបន្តនៅទីក្រុងវីលនីញូស ដែលបានឲ្យដឹងថា គោលនយោបាយរបស់ប្រទេសចិន បង្កបញ្ហាជាប្រព័ន្ធ ចំពោះសន្តិសុខអឺរ៉ូ-អាត្លង់ទិក។

លោក​បានបន្ដថា “អ្វីដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ របស់អង្គការ ណាតូ គឺផ្ទុយស្រឡះពីការពិត និងជាផលិតផល នៃចិត្តគំនិតសង្រ្គាមត្រជាក់ និងការលំអៀងខាងមនោគមវិជ្ជា ហើយប្រទេសចិន បានប្រឆាំងយ៉ាងខ្លាំង។

លោកបានចោទសួរថា “ប្រទេសចិន មានកំណត់ត្រាល្អបំផុតស្តីពីសន្តិភាព និងសន្តិសុខ​ យើងមិនដែលឈ្លានពានប្រទេសណាមួយ ឬចូលរួមក្នុងសង្គ្រាមប្រូកស៊ីណាមួយឡើយ។ យើងមិនដែលធ្វើប្រតិបត្តិការយោធាសកល គំរាមកំហែងប្រទេសដ៏ទៃដោយកម្លាំង ការនាំចេញមនោគមវិជ្ជា ឬជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀត។
មិនបង្កើត ឬចូលរួមក្នុងក្រុមយោធា និងប្រឆាំងការប្រើកម្លាំង ឬការគំរាមកំហែង នៃកម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។
តើចិន បែបនេះនឹងបង្កជាបញ្ហាប្រឈមជាប្រព័ន្ធដល់ណាតូ យ៉ាងដូចម្តេច?”។

ប្រទេសចិន គឺជាកម្លាំង សម្រាប់សន្តិភាពពិភពលោក ជាអ្នករួមចំណែកដល់ការអភិវឌ្ឍន៍ពិភពលោក ជាអ្នកការពារសណ្តាប់ធ្នាប់អន្តរជាតិ និងជាប្រភព នៃផលប្រយោជន៍សាធារណៈ។
លោកបានលើកឡើងថា ប្រទេសចិន បានប្តេជ្ញាចិត្ត ចំពោះប្រព័ន្ធអន្តរជាតិជាមួយនឹងអង្គការសហប្រជាជាតិ ​ ជាស្នូលរបស់ខ្លួន ដែលជាសណ្តាប់ធ្នាប់អន្តរជាតិ ក្រោមការដឹកនាំដោយច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាន ដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ដែលកើតចេញពីគោលបំណង និងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

លោកបានបន្ថែមថា ជាង ៣០ ឆ្នាំបន្ទាប់ពីការបញ្ចប់ នៃសង្រ្គាមត្រជាក់ កេរិ៍្ដដំណែលរបស់ណាតូ នៅតែជាប់ក្នុងផ្នត់គំនិតសូន្យ ហើយចាត់ទុកពិភពលោកថា ជាប្លុកប្រឆាំង។ ទោះបីជាមានការអំពាវនាវរបស់សហគមន៍ពិភពលោក សម្រាប់សន្តិភាព ការអភិវឌ្ឍន៍ និងវឌ្ឍនភាពរួមក៏ដោយ អង្គការណាតូ នៅតែបន្តធ្វើសកម្មភាពប្រឆាំងនឹងនិន្នាការ ដែលកំពុងមាន ហើយស្វែងរកការបង្វិលកង់នៃប្រវត្តិសាស្ត្រ។

ណាតូ អះអាងថាជាអង្គការក្នុងតំបន់ ហេតុអ្វីបានជា ណាតូ ឈានដល់ហួសពីវិសាលភាពភូមិសាស្រ្តរបស់ខ្លួន ដែលបានកំណត់ក្នុងសន្ធិសញ្ញារបស់ខ្លួន ធ្វើឱ្យការឆ្ពោះទៅកាន់អាស៊ីប៉ាស៊ីហ្វិក ក្នុងល្បឿនលឿនជាងមុន ហើយចង់ក្លាយជា “អង្គការណាតូសកល?”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top