ព័ត៌មានអន្តរជាតិ

អាមេរិក ​សន្យាផ្ដល់​គ្រាប់បែក​ចង្កោម ដល់​អ៊ុយក្រែន ដែលធ្លាប់បាន​សម្លាប់​ជន​ស៊ីវិល​នៅ​ឡាវរាប់ម៉ឺននាក់

រូបភាពពី៖​ AFP

ញូវយ៉ក៖ អត្ថបទចុះផ្សាយដោយវិទ្យុសាធារណៈជាតិ (NPR) បានឲ្យដឹងថា សហរដ្ឋអាមេរិក បានសន្យាថា នឹងផ្តល់ឱ្យអ៊ុយក្រែន នូវគ្រាប់បែកចង្កោម ដែលធ្លាប់បានសម្លាប់ជនស៊ីវិលជាច្រើន នៅក្នុងប្រទេសឡាវ។

អត្ថបទនេះបានឲ្យដឹងថា ចន្លោះឆ្នាំ១៩៦៤ និ១៩៧៣ ជនជាតិអាមេរិក បានហោះហើរទម្លាក់គ្រាប់បែកចំនួន ៥៨ម៉ឺនគ្រាប់លើប្រទេសឡាវ ហើយយន្តហោះរបស់​អាមេរិក បានទម្លាក់គ្រាប់បែកចំនួន ​២,០៩៣,១០០តោនលើប្រទេសមួយនេះ។

ក្នុងអំឡុងពេលនោះ ទាហានស៊ីឈ្នួលដែលទទួលប្រាក់ឈ្នួលពី CIA និងអ្នកបើកយន្តហោះរបស់កងទ័ពអាកាសអាមេរិក បានទម្លាក់គ្រាប់បែកចង្កោមនៅក្នុងប្រទេសឡាវ។
អត្ថបទបានឲ្យដឹងថា ជនស៊ីវិល និងទាហានប្រហែល ២០ម៉ឺននាក់ មួយភាគដប់នៃចំនួនប្រជាជនឡាវ ត្រូវបានសម្លាប់ហើយ ៥ម៉ឺន នាក់នៃជនស៊ីវិល គឺជាជនរងគ្រោះ នៃគ្រាប់បែកចង្កោម។

ប្រភពបានឲ្យដឹងថា “អ្វីដែលធ្វើឱ្យគ្រាប់បែកចង្កោម នៅក្នុងប្រទេសឡាវកាន់តែអាក្រក់នោះ គឺថាចំនួនដ៏ច្រើន ដែលមិនបានផ្ទុះដំបូងនៅតែសម្លាប់មនុស្សអស់ជាច្រើនទសវត្សរ៍ក្រោយមក”។

អត្ថបទនេះបានបន្ថែមថា “ដោយសារតែគ្រាប់បែក ត្រូវបានគេរចនាឡើង ដើម្បីបំផ្ទុះមុនពេលបុកដី សម្ពាធតិចតួចបំផុត ឬចលនាអាចផ្ទុះភ្លាមៗ។ តាមការប៉ាន់ប្រមាណ ៨០លាន ឬជាង ៣០ ភាគរយនៃគ្រាប់ ដែលត្រូវបានទម្លាក់ និងមិនទាន់បំផ្ទុះ” ។

ឡាវ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​នៅ​តែ​ជា​ប្រទេស ​ដែល​រង​ការ​ទម្លាក់​គ្រាប់​បែក​ខ្លាំង​បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក។
តិចជាង ១ ភាគរយ នៃគ្រាប់បែក ដែលនៅស្ងៀមត្រូវបានសម្អាត ចាប់តាំងពីសង្រ្គាមបានបញ្ចប់នៅក្នុងប្រទេសឡាវ ហើយជនស៊ីវិលប្រហែល ២ម៉ឺននាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលដូចគ្នានេះ។
ប្រភពបានបន្ថែមថា ទោះបីជាចំនួនថយចុះជាបណ្តើរៗក៏ដោយ ក៏មនុស្សរាប់ពាន់នាក់នៅតែបន្តត្រូវបានសម្លាប់ ពិការ និងខូចរូបរាង ដោយជនរងគ្រោះពាក់កណ្តាលជាកុមារ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top