បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយនៅថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងគៀវ ទំនងនឹងទទួលបានយន្តហោះចម្បាំង F-16 ពីសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន នៅអឺរ៉ុប ដែលប្រហែលជាមានខ្លះជាគ្រឿងបំលាស់ ខណៈពេលដែលប្រទេសជាច្រើនក្នុងអង្គការណាតូ បានផ្តល់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន ប៉ុន្តែមកទល់ពេលនេះ គ្មានប្រទេសណាមួយបានសន្យាថានឹងបញ្ជូនយន្តហោះពិតប្រាកដនោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Sullivan បានប្រាប់ពិធីការនៅក្នុងកម្មវិថិ Good Morning America ពីទីក្រុង Vilnius ប្រទេសលីទុយអានី ជាកន្លែងដែលលោកចូលរួមកិច្ចប្រជុំកំពូលរបស់ណាតូថា “ទៅលើយន្តហោះចម្បាំង F-16 ប្រធានាធិបតីលោក Joe] Biden បានសម្រេចចិត្តកាលពីប៉ុន្មានសប្តាហ៍មុន ដោយធ្វើការនៅក្នុងការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត ដើម្បីចាប់ផ្តើមការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន នៅលើយន្តហោះទាំងនោះ” ។
លោក Sullivan បានបន្ថែមថា “ការហ្វឹកហ្វឺននោះនឹងត្រូវចំណាយពេលខ្លះ ហើយបន្ទាប់មកនឹងមានការផ្ទេរយន្តហោះ F-16 ដែលទំនងជាមកពីបណ្តាប្រទេសអឺរ៉ុប ដែលមានការផ្គត់ផ្គង់លើសពីយន្តហោះចម្បាំង F-16” ។
យន្តហោះចម្បាំងប្រភេទនេះត្រូវបានរចនាឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដោយ General Dynamics ហើយបច្ចុប្បន្នស្ថិតក្នុងការផលិតមានកំណត់ដោយក្រុមហ៊ុន Lockheed Martin ។
សូមជម្រាបថា កាលពីថ្ងៃអង្គារ ប្រទេសដាណឺម៉ាកបានប្រកាស “សម្ព័ន្ធ” ដែលនឹងគ្រប់គ្រងការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែននៅលើយន្តហោះដែលផលិតដោយសហរដ្ឋអាមេរិក ដោយចាប់ផ្តើមនៅក្នុងខែសីហា។
វានឹងត្រូវបានដឹកនាំដោយប្រទេសដាណឺម៉ាក និងហូឡង់ ហើយក៏មានបែលហ្សិក កាណាដា លុចសំបួ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី ចក្រភពអង់គ្លេស និងស៊ុយអែតផងដែរ។ ប្រហែលពាក់កណ្តាលប្រទេសដែលពាក់ព័ន្ធ គឺមិនដំណើរការយន្តហោះ F-16 ពិតប្រាកដទេ ហើយក៏គ្មានប្រទេសណាមួយដែលបានប្តេជ្ញាជាសាធារណៈក្នុងការបញ្ជូនយន្តហោះ F-16 ទៅឱ្យទីក្រុងគៀវ នោះដែរ៕ ប្រែសម្រួលៈ ណៃ តុលា