ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានចុះផ្សាយ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីការបរទេសមក ពីបណ្តាប្រទេសអាស៊ាន បូក៣ មានប្រទេសជប៉ុន ចិន និង កូរ៉េខាងត្បូង បានចាប់ផ្តើមកិច្ចប្រជុំ នៅទីក្រុងហ្សាការតា ស្របពេលមានការប្រឆាំង យ៉ាងខ្លាំងពីសំណាក់ក្រុងប៉េកាំង អំពីផែនការរបស់ក្រុងតូក្យូ ក្នុងការបង្ហូរទឹកវិទ្យុសកម្ម ដែលត្រូវបានចម្រាញ់ ពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ ។
មន្ត្រីរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានបូក៣ អ្នកចូលរួមក៏ទំនងជា នឹងពិភាក្សាពីរបៀបដោះស្រាយ ការបន្តអភិវឌ្ឍមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក៏ដូចជាសង្រ្គាមអូសបន្លាយ របស់រុស្ស៊ី នៅអ៊ុយក្រែន ។
មន្ត្រីរូបនេះបានបញ្ជាក់ថា ប្រធានបទមួយទៀត ដែលរំពឹងថា នឹងត្រូវពិភាក្សា គឺការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសសមាជិក ទាំង១០ នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន និងប្រទេសអាស៊ីបូព៌ាទាំង៣ នៅក្នុងវិស័យមួយចំនួនទៀតដូចជា ហិរញ្ញវត្ថុនៅក្នុងតំបន់ និងសន្តិសុខស្បៀងផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ប្រភព ៖ kyodo