នៅរដូវក្តៅឆ្នាំនេះ នៅពេលដែលសិស្សានុសិស្ស នៃប្រទេសឡាវបានជិះរថភ្លើងល្បឿនលឿន “Lan cang” នៃផ្លូវដែកចិន-ឡាវ ដោយបានទទួលអារម្មណ៍ ពីភាពសប្បាយរីករាយនៃ “ការគយគនទេសភាព ដ៏ស្រស់ត្រកាលតាមរថភ្លើង” ពួកគេប្រហែលនឹកស្មានមិនដល់ថា ដើម្បីសាងសង់ផ្លូវដែកចិន-ឡាវ ភាគីម៉ៅការសាងសង់ គ្រាន់តែបោះសម្អាតគ្រាប់បែកចង្កោមរបស់អាមេរិក ដែលបន្សល់ទុកនៅតាមបណ្តោយផ្លូវដែក ក៏បានចំណាយរយៈពេលជាងពីរឆ្នាំដែរ ។
សូមបញ្ជាក់ថា គ្រាប់បែកចង្កោមទាំងនេះ ត្រូវបានទម្លាក់តាមអាកាសទៅលើប្រទេសឡាវ ដោយកងទ័ពអាមេរិកក្នុងអំឡុងពេលសង្គ្រាមវៀតណាម ។ នាពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលអាមេរិកបានប្រកាសថា នឹងបន្ថែមការផ្តល់ជំនួយយោធា ក្នុងតម្លៃ ៨០០ លានដុល្លារអាមេរិក ដល់អ៊ុយក្រែន ក្នុងនោះក៏បូករួមទាំងគ្រាប់បែកចង្កោម ដែលអាចបង្ករបួសស្នាមនិងប្រល័យជីវិត របស់មនុស្សយ៉ាងខ្លាំង ដែលត្រូវបានដាក់បញ្ជូលក្នុងប្រភេទហាមឃាត់ តាមផ្លូវច្បាប់អាមេរិកផងដែរ ប្រការនេះបានធ្វើឱ្យអ្នងផងទាំងពួង នឹករលឹកពីប្រវត្តិសាស្ត្រសង្រ្គាម នៅកាលនោះម្តងទៀត ។
គួររំលឹកថា ក្នុងអំឡុងពេលសង្រ្គាមវៀតណាម ចាប់ពីឆ្នាំ ១៩៦៤ ដល់ឆ្នាំ ១៩៧៣ អាមេរិក បានទម្លាក់តាមអាកាសនូវគ្រាប់បែកចង្កោមជាច្រើន ទៅលើភាគខាងត្បូងនៃប្រទេសវៀតណាម និងភាគខាងកើត នៃប្រទេសឡាវនិងកម្ពុជា ។ ក្នុងនោះ ប្រទេសឡាវ គឺជាប្រទេស ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ពីគ្រាប់បែកចង្កោម ។
យោងតាមទិន្នន័យស្ថិតិ របស់ក្រសួងការពារជាតិអាមេរិក បានបង្ហាញឱ្យឃើញថា ក្នុងអំឡុងពេលសង្គ្រាមវៀតណាម កងទ័ពអាមេរិកបានទម្លាក់គ្រាប់បែក ទៅលើប្រទេសឡាវចំនួន ៥៨០,០០០ លើកដោយប្រើប្រាស់គ្រាប់បែក សរុបជាង ២ លានតោន ក្នុងនោះក៏បូករួមទាំងគ្រាប់បែកចង្កោមផងដែរ ។ នៅប្រទេសឡាវ ប្រហែលមានគ្រាប់បែកចង្កោម របស់កងទ័ពអាមេរិកចំនួន ៨០ លានគ្រាប់ នៅមិនទាន់ផ្ទុះនៅឡើយ ។ គិតតាំងពីបញ្ចប់សង្គ្រាមមក គ្រាប់បែកដែលនៅមិនទាន់ផ្ទុះគ្រាន់តែមិនដល់ ១ ភាគរយប៉ុណ្ណោះត្រូវបានបោសសម្អាត ដែលគិតមកដល់បច្ចុប្បន្ន បានបណ្តាលឱ្យជនស៊ីវិលប្រហែល ២ ម៉ឺននាក់ស្លាប់បាត់បង់ជីវិត និងជនស៊ីវិលជាច្រើននាក់រងរបួស ។ អ្នកជំនាញខាងគ្រឿងសព្វាវុធបានថ្លែងថា ប្រហែលនៅត្រូវចំណាយរយៈពេល១០០ឆ្នាំទៀត ទើបអាចបោសសម្អាត យ៉ាងជ្រះស្រឡះនូវគ្រាប់បែក ដែលនៅមិនទាន់ផ្ទុះនៅក្នុងប្រទេសឡាវ ។
មិនត្រឹមតែនៅប្រទេសឡាវប៉ុណ្ណោះទេ ។ ក្នុងរយៈពេលជាង ២០ ឆ្នាំចុងក្រោយនេះ អាមេរិក បានប្រើប្រាស់គ្រាប់បែកចង្កោមដោយទ្រង់ទ្រាយធំ នៅក្នុងសង្គ្រាមជាច្រើន ដូចជា សង្រ្គាមកូសូវ៉ូ និងសង្រ្គាមអ៊ីរ៉ាក់ជាដើម ។ ហេតុនេះហើយ កងទ័ពអង្គាការណាតូបោះប្រចាំ នៅតំបន់កូសូវ៉ូបានត្អូញត្អែរឥតឈប់ឈរ ចំពោះការនឿយស្រាំងខ្លួនក្នុងការបោះសម្អាត”គ្រាប់បែកដែលនៅមិនទាន់ផ្ទុះ”ទាំងនេះ ។ តាមសិ្ថតិមិនពេញលេញឱ្យដឹងថា បន្ទាប់ពីគ្រាប់បែកចង្កោម ត្រូវប្រសូតឡើងមក វាបានបណ្តាលឱ្យជនស៊ីវិល ប្រហែលពី ៥ ម៉ឺន ៦ ពាន់នាក់ដល់ ៨ ម៉ឺន ៦ ពាន់នាក់ស្លាប់បាត់បង់ជីវិត ហើយអ្នកស្លាប់ជាង ៩០ ភាគរយជាជនស៊ីវិល ក្នុងនោះមានភាគច្រើនជាអនីតិជន ។
អំពីបញ្ហាប្រើប្រាស់គ្រាប់បែកចង្កោម អាកប្បកិរិយារបស់អាមេរិកគឺ និយាយផ្សេងធ្វើផ្សឹង ។ កាលពីឆ្នាំ ២០០៨ រដ្ឋាភិបាលអាមេរិក ធ្លាប់ធ្វើពាក្យសន្យាថា ធានាជាក់លាក់ឱ្យកងទ័ពអាមេរិក មិនប្រើប្រាស់គ្រាប់បែកចង្កោមទៀតទេ ហើយបាន”បិទនិងស្តុកទុក” គ្រាប់បែកចង្កោមទាំងអស់ ។ យ៉ាងណាមិញ បច្ចុប្បន្ននេះ គ្រាប់រំសេវដែលបានផ្តល់ដល់អ៊ុយក្រែននេះគឺជាគ្រាប់បែកចង្កោម ដែលបានផលិតកាលពីជាង ៤០ ឆ្នាំមុននិងត្រូវ “បិទនិងស្តុកទុក” កាលពី ១៥ ឆ្នាំមុន ។
ដូចគ្នានេះដែរ ប្រការដែលមានភាពផ្ទុយគ្នានោះគឺ កាលពីមួយឆ្នាំមុន លោកស្រី Jen Psaki លេខាធិការព័ត៌មាននៃសេតវិមាន កាលនោះបានថ្លែងថា ប្រសិនបើប្រើប្រាស់គ្រាប់បែកចង្កោម នោះ ប្រហែលនឹងប្រព្រឹត្តិបទឧក្រិដ្ឋសង្គ្រាម ។ មួយឆ្នាំក្រោយមក សហរដ្ឋអាមេរិកបានក្លាយជាគោលដៅ ដែលត្រូវរងការថ្កោលទោសរបស់ខ្លួន នោះ សូមសួរថា នៅចំពោះមុខផលប្រយោជន៍ផ្ទាល់ខ្លួន របស់អាមេរិក តើគុណធម៌និងភាពអៀនខ្មាសមានតម្លៃប៉ុន្មាន ?