ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងថា ប្រទេសរុស្ស៊ី បានចាត់ទុកថា ការដាក់ពង្រាយយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែន ដែលនេះជាការគំរាមកំហែងខ្លាំង ដោយប្រើអាវុធនុយក្លេអ៊ែរ ។
លោក Lavrov បានធ្វើអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Lenta.ru នៅក្នុងអំឡុងពេលនោះ គាត់បានពិភាក្សាអំពីផលវិបាក ដែលអាចកើតមាននៃការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការ ផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់ប្រទេសអ៊ុយក្រែន ។
លោក Lavrov បានថ្លែងយ៉ាងដូច្នេះថា “នៅក្នុងអំឡុងពេលមានអរិភាព យោធារបស់យើងនឹងមិនពិនិត្យមើល ថាតើ យន្តហោះនីមួយៗនៃប្រភេទនេះនឹង ត្រូវបានបំពាក់អាវុធនុយក្លេអ៊ែរ ឬអត់នោះទេ” ។
លោកបានថ្លែងថា ការពិតដែលថា ប្រព័ន្ធបែបនេះនឹងលេចឡើង នៅក្នុងទឹកដីអ៊ុយក្រែន ហើយត្រូវបានចាត់ទុកដោយរុស្ស៊ីថា ជា “ការគំរាមកំហែងរបស់លោកខាងលិច នៅក្នុងវិស័យនុយក្លេអ៊ែរ” ។
លោក Lavrov បានកត់សម្គាល់ថា ក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់អង្គការ NATO កំពុងបង្កើតហានិភ័យនៃការប៉ះទង្គិច ផ្នែកយោធាដោយផ្ទាល់ជាមួយរុស្ស៊ី ហើយការប្រឈមមុខដាក់គ្នាបែបនេះនឹងមាន “ផលវិបាកកាន់តែខ្លាំងឡើង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា