ព័ត៌មានអន្តរជាតិ

ថៃ៖ ក្រុមបាតុករ ប្រកាសថានឹងនាំគ្នាតវ៉ា នៅខាងមុខមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌បាងកក នៅល្ងាចថ្ងៃសុក្រ

ប្រភព ៖ AFP

បរទេស ៖ ការិយាល័យប៉ូលីសក្រុងបាងកក បានណែនាំប្រជាជន ឱ្យជៀសវាងធ្វើដំណើរ តាមផ្លូវដែលនាំទៅដល់ផ្លូវបំបែក Pathumwan ចាប់ពីម៉ោង ៤ រសៀលថ្ងៃសុក្រ បន្ទាប់ពីក្រុមបាតុករ បានប្រកាសពីការតវ៉ា នៅមុខមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌បាងកក នៅពេលល្ងាច។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ផ្លូវដែលរងផលប៉ះពាល់រួមមានផ្លូវ Rama 1 ជុំវិញប្រសព្វ Chaloem Phao ដល់ប្រសព្វ Charoen Phon និងផ្លូវ Phya Thai ជុំវិញប្រសព្វ Ratchatewi និងផ្លូវប្រសព្វ Chulalongkorn 12។

អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យប៉ូលីស ក្រុងបាងកក ឧត្តមសេនីយ៍ Jirasan Kaeosaengek បានចង្អុលទៅការប្រកាស នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អំពីការតវ៉ាដែលបានគ្រោងទុក នៅមុខមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌បាងកក ក្បែរផ្លូវបំបែក Pathumwan នៅម៉ោង ៦ ល្ងាច ។

សេចក្តីថ្លែងការណ៍ បាននិយាយថា ដោយសារទីតាំងតវ៉ាគឺជាតំបន់ដែលមានចរាចរណ៍មមាញឹក និងជាផ្លូវធ្វើដំណើរដ៏សំខាន់នៅក្នុងទីក្រុង ជាពិសេសនៅក្នុងម៉ោង ប្រញាប់ប្រញាល់ វាអាចប៉ះពាល់ដល់ចរាចរណ៍។

សេចក្តីថ្លែងការណ៍បានណែនាំថា “ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ អ្នកធ្វើដំណើរត្រូវបានណែនាំឱ្យជៀសវាងផ្លូវ ទាំងនោះចាប់ពីម៉ោង៤ រសៀលរហូតដល់ការតវ៉ាបានបញ្ចប់” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top