ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ប្រាប់អ្នកសារព័ត៌មានថា ច្បាប់រុស្ស៊ី មិនទទួលស្គាល់វត្តមានរបស់ក្រុមហ៊ុនយោធាឯកជនឡើយ រួមទាំងក្រុមទាហ៊ាន Wagner

រូបភាពពី៖​ AFP

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានប្រាប់កាសែត Kommersant កាលពីថ្ងៃព្រហស្បតិ៍ នៅពេលសួរអំពីកិច្ចប្រជុំនាពេលថ្មីៗនេះជាមួយមេបញ្ជាការនៃក្រុមបះបោរថា ច្បាប់រុស្ស៊ី មិនទទួលស្គាល់វត្តមានរបស់ក្រុមហ៊ុនយោធាឯកជននោះទេ រួមទាំងក្រុមទាហ៊ាន Wagner ផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅពេលចូលរួមពិព័រណ៍បច្ចេកវិទ្យានៅទីក្រុងមូស្គូ លោកពូទីនត្រូវបានអ្នកសារព័ត៌មានសួរថាតើ ក្រុមទាហាន Wagner នឹងបន្តប្រតិបត្តិការជាទម្រង់ប្រយុទ្ធដែរឬទេ។

លោកពូទីនបានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មាន Kommersant ថា “មែនហើយ PMC Wagner មិនមាននោះទេ” ។ “យើងមិនមានច្បាប់ស្តីពីក្រុមហ៊ុនយោធាឯកជនទេ។ ដូច្នេះវាមិនមានទេ»។

លោកប្រធានាធិបតីបានបញ្ជាក់ថា «ក្រុមនេះមាន, ប៉ុន្តែតាមផ្លូវច្បាប់វាមិនមានទេ។ “វាជាបញ្ហាដាច់ដោយឡែកមួយ ទាក់ទងនឹងការធ្វើឱ្យស្របច្បាប់ ដែលត្រូវដោះស្រាយដោយរដ្ឋឌូម៉ា និងរដ្ឋាភិបាល។ វាជាសំណួរដ៏ស្មុគស្មាញមួយ។

រដ្ឋាភិបាលរុស្ស៊ីបានកាន់តួនាទីនេះ ជាយូរមកហើយនៅពេលសួរអំពីក្រុមដែលដឹកនាំដោយអ្នកជំនួញ លោក Yevgeny Prigozhin។ វត្តមានជាក់ស្តែងរបស់ក្រុមទាហានស៊ីឈ្នួល Wagner ត្រូវបានទទួលស្គាល់ដោយយោធារុស្ស៊ី នៅពេលដែលក្រុមនេះបានចូលរួមក្នុងការប្រយុទ្ធគ្នានៅតំបន់ Donbass កាលពីឆ្នាំមុន ជាពិសេសនៅ Popasnaya និង Artyomovsk ដែលត្រូវបានគេស្គាល់ថា Bakhmut ៕ ប្រែសម្រួលៈ ណៃ តុលា

To Top