តេអេរ៉ង់៖ អ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់ មួយចំនួន ដែលធ្វើឡើងដោយសមាជិក អង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (ណាតូ) នាពេលថ្មីៗនេះ ប្រឆាំងនឹងប្រទេសនេះ រួមទាំងជុំវិញការចោទប្រកាន់ របស់ខ្លួន ចំពោះ ការគាំទ្រ ផ្នែកយោធាដល់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន និងកម្មវិធីនុយក្លេអ៊ែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ស្ថានទូតអ៊ីរ៉ង់ ប្រចាំទីក្រុងប្រ៊ុចសែល បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មេដឹកនាំណាតូ នៅក្នុងកិច្ចប្រជុំកំពូលនៅប្រទេសលីទុយអានី កាលពីថ្ងៃអង្គារដោយចោទប្រកាន់អ៊ីរ៉ង់ថា បានផ្តល់ការគាំទ្រផ្នែកយោធាដល់ប្រទេសរុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន និងបង្ហាញពី “ការព្រួយបារម្ភអំពីការកើនឡើងនៃកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់”។
ដោយបដិសេធការចោទប្រកាន់ថា “គ្មានមូលដ្ឋាន” ស្ថានទូតបានឲ្យដឹងថា អ៊ីរ៉ង់ បានរក្សា តួនាទីមិនលំអៀង” របស់ខ្លួនទាក់ទងនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន និងជា អ្នកលេងក្នុងតំបន់ ដែលគោរពច្បាប់ និងមានឥទ្ធិពល” ។
ប្រភពបានបន្ថែមថា ទាក់ទងនឹងសកម្មភាពនុយក្លេអ៊ែរ អ៊ីរ៉ង់នៅតែ “ប្តេជ្ញាចិត្តយ៉ាងដាច់ខាត” ដើម្បីគោរពកាតព្វកិច្ចរបស់ខ្លួនក្នុង ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។
ប៉ុន្តែសមាជិកណាតូមួយចំនួន ដែលស្ថិតក្នុងចំណោមភាគី JCPOA បាន “បន្តរំលោភលើកិច្ចព្រមព្រៀង និងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ ២២៣១” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេចក្តីថ្លែងការណ៍របស់កិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក៏បានអំពាវនាវដល់អ៊ីរ៉ង់ ឱ្យ “បញ្ឈប់ការគាំទ្រផ្នែកយោធារបស់ខ្លួនដល់ប្រទេសរុស្ស៊ី ជាពិសេសការផ្ទេរយានជំនិះលើអាកាស ដែលមិនមានផ្ទុក (UAVs) របស់ខ្លួន ដែលត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់បាត់បង់ជីវិតយ៉ាងទូលំទូលាយ។
ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើ JCPOA ជាមួយមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមដាក់កម្រិតមួយចំនួនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងកាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគីរបស់ខ្លួនឡើងវិញលើទីក្រុងតេអេរ៉ង់ ដែលជំរុញឱ្យភាគីចុងក្រោយទម្លាក់ចោលការសន្យានុយក្លេអ៊ែរមួយចំនួននៅក្រោមកិច្ចព្រមព្រៀងនេះ។
ការចរចាសម្រាប់ការរស់ឡើងវិញនៃ JCPOA បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២១ នៅរដ្ឋធានីវីយែន របស់ប្រទេសអូទ្រីស ទោះបីជាមានការចរចាជាច្រើនជុំក៏ដោយ ក៏គ្មានរបកគំហើញដ៏សំខាន់ណាមួយត្រូវបានសម្រេចចាប់តាំងពីការបញ្ចប់ជុំចុងក្រោយក្នុងខែសីហា ឆ្នាំ២០២២ មកម្ល៉េះ៕
ប្រែសម្រួល ឈូក បូរ៉ា