ព័ត៌មានអន្តរជាតិ

ស្លាប់និងរបួសជាង១០នាក់នៅក្នុងប្រទេសប៉ាគីស្ថាន ក្រោយពីមានបាញ់ប្រហារគ្នារវាងទាហាន និងក្រុមភេរវករ

រូបភាពពី៖​ AFP

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ ក្រុមទាហានចំនួន៩នាក់បានស្លាប់នៅក្នុងការវាយប្រហារមួយ នៅក្នុងតំបន់យោធភូមិភាគខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន ។

ទីភ្នាក់ងារសារព័ត៌មាន Inter-Services Public Relations របស់យោធាបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ការវាយប្រហារនេះបានកើតឡើងកាលពីព្រឹកថ្ងៃពុធ នៅគ្រាដែលក្រុមសកម្មប្រយុទ្ធប្រដាប់ដោយអាវុធ ដ៏ខ្លាំងក្លាមួយក្រុមបានវាយប្រហារទៅលើក្រុមយោធភូមិភាគ Zhob នៃខេត្តខាងលើ ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ក្រុមភេរវករចំនួន៥នាក់ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតបតវិញដោយកងទ័ពផងដែរ ។

នៅសេចក្តីថ្លែងការណ៍បានឲ្យដឹងផងដែរថា “កងកម្លាំងសន្តិសុខ និងប្រទេសជាតិនៅតែមានភាពធន់ និងប្តេជ្ញាចិត្តដើម្បីរារាំងរាល់ការប៉ុនប៉ងដ៏អាក្រក់ របស់សត្រូវដែលមានគោលបំណងបំផ្លាញសន្តិភាពរបស់ខេត្ត Balochistan និងប៉ាគីស្ថាន” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top