ព័ត៌មានអន្តរជាតិ

ជនជាតិថៃ ម្នាក់ ចូលដៃជាមួយជនសង្ស័យ៣នាក់ទៀត សម្លាប់អ្នកជំនួញអាល្លឺម៉ង់ ដោយប្រើរណាយន្តកាត់សាកសពជាកង់ៗ ញាត់ចូលធុងទឹកកក

រូបភាពពី៖​ AFP

បរទេស៖ ប៉ូលិស​រប់សប្រទេសថៃ បាន​ដាក់​ការ​ចោទ​ប្រកាន់​ឃាតកម្ម​គិត​ទុក​ជា​មុន​ ប្រឆាំង​នឹង​ជន​សង្ស័យ​សំខាន់​ក្នុង​ករណី​ឃាតកម្ម​លើ​ឈ្មួញ​កណ្តាល​អចលន​ទ្រព្យ​ជនជាតិអាល្លឺម៉ង់​មួយរូប ដោយកាត់សាកសពជាកង់ ញាត់ចូលធុងទឹកកក នៅ​ខេត្ត​ឈុនបុរី។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គស្នងការរងនគរបាលជាតិថៃ លោកឧត្តមសេនីយ៍ Surachate Hakparn បាននិយាយកាលពីថ្ងៃសុក្រថា ជនជាតិអាល្លឺម៉ង់ ឈ្មោះ Olaf Thorsten Brinkmann អាយុ ៥២ ឆ្នាំ គឺជាជនសង្ស័យសំខាន់ក្នុងចំណោមមនុស្ស ៤ នាក់ដែលត្រូវបានចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធក្នុងឃាតកម្មលើជនរងគ្រោះឈ្មោះ Hans Peter Walter Mack អាយុ ៦២ ឆ្នាំ។

លោក​ថា ប៉ូលិស​បាន​ផ្លាស់​ប្តូរ​ការចោទប្រកាន់ពី​បទ​ល្មើស​លើក​មុន គឺ​បទ​ឃាតកម្ម ដែល​មាន​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ដោយលោក Brinkmann ឥឡូវនេះត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ដែលត្រូវផ្តន្ទាទោសប្រហារជីវិត។

ជនសង្ស័យបីនាក់ទៀតមាន ឈ្មោះ Petra Christl Grundgreif អាយុ ៥៤ឆ្នាំ, Nicole Frevel អាយុ ៥២ ឆ្នាំ និង ឈ្មោះ Shahrukh Karim Uddin អាយុ ២៧ ឆ្នាំ។

លោកឧត្តមសេនីយ៍ Surachate បាននិយាយថា ប៉ូលីសក៏បានរឹបអូសទូកល្បឿនលឿន ដែលជាកម្មសិទ្ធិរបស់លោក Brinkmann ហើយបានរកឃើញថា ជនសង្ស័យរូបនេះគ្រោងនឹងទម្លាក់សាកសពរបស់ Mack ចូលទៅក្នុងសមុទ្រ។ ប៉ូលីសក៏ទទួលបានវីដេអូ CCTV ដែលបង្ហាញពីលោក Brinkmann និងលោក Uddin នៅក្នុងហាងលក់ឧបករណ៍នេសាទមួយ។

ម្ចាស់​ម៉ាស៊ីន​រណារយន្ត ឬម៉ាស៊ីនអារឈើ ក៏​បាន​ផ្តល់​សក្ខីកម្ម​ថា​ គាត់​បាន​លក់​រណារយន្តនេះ​ទៅ​ឲ្យ​ជនបរទេស​ពីរ​នាក់​ដែល​គេ​ប្រើ​សម្រាប់​កាប់សព​ Mack ជាបំណែកៗ៕ ប្រែសម្រួលៈ ណៃ តុលា

To Top