ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៣ថា អ្នកការទូតកំពូលមកពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានខ្វែងគំនិតគ្នាសម្រាប់ដោះស្រាយរឿងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង និងសង្គ្រាមរុស្ស៊ីនៅ អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំរបស់ពួកគេកាលពីថ្ងៃសុក្រនៅទីក្រុងហ្សាការតា ។
រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា លោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅក្នុងសមុទ្រចិនខាងកើត និងភាគខាងត្បូង ដែលប្រទេសចិន បាននឹងកំពុងបង្កើនការអះអាងដែនសមុទ្ររបស់ខ្លួននៅក្នុងវេទិកាតំបន់អាស៊ានដែលមានសមាជិក២៧ប្រទេស ។
យោងតាមប្រភពការទូតបានឲ្យដឹងថា សមភាគីរបស់គាត់មកពីប្រទេសដែលមានគំនិតដូចគ្នា រួមទាំងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានលើកឡើងពីបញ្ហាដូចគ្នាអំពីប្រទេសចិន ផងដែរ ។
ការខ្វែងគំនិតគ្នារវាងប្រទេសប្រជាធិបតេយ្យធំៗ ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងមានចិន និងរុស្ស៊ី បាននឹងកំពុងរីករាលដាលជុំវិញសង្រ្គាមអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ និងសកម្មភាពយោធាកាន់តែខ្លាំងរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។
ក្រុមប្រទេសទាំង៧ ហៅកាត់ថា G7 បានផ្តួចផ្តើមគំនិតក្នុងការអនុវត្តទណ្ឌកម្ម សេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានប្រឆាំងនឹងអ្នកជិតខាងរបស់ខ្លួន ។
ប៉ុន្តែប្រទេសចិន និងប្រទេសភាគច្រើននៃ “សកលភាគខាងត្បូង” រួមទាំងប្រទេសឥណ្ឌា ផងដែរ មិនបានចូលរួមក្នុងវិធានការនេះនោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា