បរទេស៖ លោក Aleksey Arestovich អតីតទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បាននិយាយនៅសប្តាហ៍នេះជាមួយអ្នកសារព័ត៌មានរុស្ស៊ីថា ការខាតបង់ដោយសារការឈ្លានពាននៅតំបន់គ្រីមៀ នឹងខ្ពស់ខ្លាំងសម្រាប់ទីក្រុងគៀវ។ លោកបាននិយាយថា ប្រតិបត្តិការនេះទំនងជានឹងនាំឱ្យមនុស្សរាប់សែននាក់បាត់បង់ជីវិត។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Arestovich ថា មាន “ការរំពឹងទុកតិចតួច” ក្នុងការដណ្តើមយកឧបទ្វីបគ្រីមៀ តាមរយៈមធ្យោបាយយោធា នៅពេលពិភាក្សាអំពីជម្រើសដែលនៅសេសសល់ចំពោះទីក្រុងគៀវ ក្នុងជម្លោះដែលកំពុងបន្តជាមួយទីក្រុងម៉ូស្គូ។
លោកបានចោទជាសំណួរថា “តើនឹងត្រូវខាតបង់តម្លៃប៉ុន្មាន? ការស្លាប់ជីវិត ២០០ ០០០នាក់ នៃចំនួនប្រជាជនបុរសពេញវ័យ? ដោយលោកថា ដោយយោងទៅលើចំនួនទាហានអ៊ុយក្រែននឹងទំនងជាបាត់បង់។ លោកបានព្រមានថា សេដ្ឋកិច្ចរបស់អ៊ុយក្រែនក៏អាចនឹងត្រូវ “បំផ្លាញទាំងស្រុង”ក្នុងដំណើរការនេះដែរ។
អតីតទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានទទួលស្គាល់ថា ទីក្រុងគៀវគឺ “ពឹងផ្អែកទាំងស្រុង” លើអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន។ លោកបាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនឈប់ផ្គត់ផ្គង់សព្វាវុធដល់កងទ័ពអ៊ុយក្រែន នោះ ពួកគេមិនត្រឹមតែមិនអាចដណ្តើមយកទឹកដីដែលបានចូលរួមជាមួយរុស្ស៊ីមកវិញបាននោះទេ ប៉ុន្តែអ៊ុយក្រែនក៏នឹងកាន់តែពិបាកក្នុងការការពារទឹកដីបច្ចុប្បន្នរបស់ខ្លួនថែមទៀតផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា