ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី អ៊ីស្រាអែល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្ដែលទ្ធផលវេជ្ជសាស្រ្ត បញ្ជាក់ថា លោកគ្មានបញ្ហាអ្វីនោះទេ

ប្រភព ៖ Xunhua

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ត្រូវបានអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យ កាលពីយប់មិញនេះ ជាមួយនឹងឧបករណ៍ ពិនិត្យបេះដូង ដែលដាក់នៅក្រោមស្បែក របស់លោក មួយថ្ងៃបន្ទាប់ពីលោក បានចូលមន្ទីរពេទ្យ ដោយសារខ្វះជាតិទឹក។

យោងតាមសេចក្តីថ្លែងការណ៍មួយ ពីការិយាល័យរបស់លោក បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអាយុ៧៣ ឆ្នាំរូបនេះ ត្រូវបានរក្សាទុកពេញ មួយយប់ក្រោមការ សង្កេត នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីបា នៅខាងក្រៅទីក្រុង តែលអាវីវ បន្ទាប់ពីលោក ត្រូវបានគេបញ្ជូន ទៅទីនោះពីលំនៅដ្ឋានឯកជន របស់លោកនៅក្នុងទីក្រុងឆ្នេរ សមុទ្រ ខែសារៀ។

ក្នុងអំឡុងពេលសម្រាកនៅមន្ទីរពេទ្យប្រហែល ២០ម៉ោង លោកបានធ្វើការពិនិត្យសុខភាព ជាបន្តបន្ទាប់ រួមទាំងការធ្វើតេស្តមន្ទីរពិសោធន៍ និងអេឡិចត្រូតបេះដូង ដើម្បីវាស់សកម្មភាពបេះដូង នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់មន្ទីរពេទ្យ។

មន្ទីរពេទ្យបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ថា ការធ្វើតេស្តទាំងអស់ “ចេញមកធម្មតា” ហើយលោក ណេតាន់យ៉ាហ៊ូ មានសុខភាពល្អធម្មតា ដោយបន្ថែមហេតុផល សម្រាប់ការចូលមន្ទីរពេទ្យរបស់នាយករដ្ឋមន្ត្រី គឺការខះជាតិទឹក។

មន្ទីរពេទ្យបានកត់សម្គាល់ថា ឧបករណ៍ថតសំឡេងបេះដូងមួយ ត្រូវបានផ្សាំនៅក្រោមស្បែករបស់លោក ណេតាន់យ៉ាហ៊ូ ដើម្បី “ធ្វើឱ្យក្រុមគ្រូពេទ្យជិតស្និទ្ធ របស់នាយករដ្ឋមន្ត្រីបន្តការត្រួតពិនិត្យជាបន្ត” ។

នៅក្នុងសេចក្តីថ្លែងការណ៍ ជាវីដេអូដែលចេញផ្សាយដោយលោក ណេតាន់យ៉ាហ៊ូ កាលពីយប់ថ្ងៃសៅរ៍ ពីមន្ទីរពេទ្យ នាយករដ្ឋមន្ត្រី ដែលហាក់ដូចជាមាន ស្មារតីល្អ បានឲ្យដឹងថា លោកបានទៅវិស្សមកាល នៅសមុទ្រ កាលីឡេកាលពីថ្ងៃសុក្រ ប៉ុន្តែមិនបានធ្វើការប្រុង ប្រយ័ត្នឲ្យបានត្រឹមត្រូវ ចំពោះរលកកម្តៅនោះទេ ហើយសីតុណ្ហភាព​នៅ​ទីនោះ​ឡើង​ ដល់​៤៣​អង្សា​សេ​កាលពី​ថ្ងៃ​សុក្រ​។

លោក ណេតាន់យ៉ាហ៊ូ ដែលជាមេដឹកនាំ ដែលកាន់អំណាចយូរជាងគេ របស់អ៊ីស្រាអែល បានរងសម្ពាធលើផ្នែកជាច្រើន រួមទាំងការកាត់ក្តីឧក្រិដ្ឋកម្ម លើការចោទប្រកាន់ ពីបទពុករលួយ និងការតវ៉ាទូទាំងប្រទេស ដ៏ធំប្រឆាំង នឹងផែនការដ៏ចម្រូងចម្រាស របស់លោកក្នុងការផ្លាស់ប្តូរ ប្រព័ន្ធតុលាការ របស់ប្រទេស ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top