ព័ត៌មានអន្តរជាតិ

អាមេរិក ​មិន​មាន​គម្រោង​ស្ដារ​ឃ្លាំង​ស្តុក​ ​គ្រាប់​បែក​ចង្កោម​របស់​ខ្លួន ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​អ៊ុយក្រែន នោះ​ទេ

រូបភាពពី៖​ AFP

វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បានឲ្យដឹងថា សហរដ្ឋអាមេរិក មិនមានគម្រោងស្ដារ ឃ្លាំងស្តុកគ្រាប់បែកចង្កោមរបស់ខ្លួនឡើងវិញ ដើម្បីជំនួសកន្លែង ដែលត្រូវបានប្រគល់ឱ្យអ៊ុយក្រែន នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Sputnik។

លោក Sullivan បាន​ប្រាប់​ទូរទស្សន៍​អាមេរិក​មួយ​កាលពី​ថ្ងៃអាទិត្យថា “ផែនការបច្ចុប្បន្នរបស់យើង គឺមិនមែន ដើម្បីបំពេញឃ្លាំងនោះទេ វាគឺជាការពង្រឹងសមត្ថភាពផលិតគ្រាប់មូលឯកតា គ្រាប់ ១៥៥មីលីម៉ែត្រ ដែលជាគ្រាប់រំសេវ ដែលមិនមែនជាចង្កោម​ សម្រាប់​ការ​បន្ត​ការ​ផ្គត់ផ្គង់​ដល់​អ៊ុយក្រែន​ ប៉ុន្តែ​វា​ត្រូវ​ការ​ពេល​វេលា”។

កាលពីថ្ងៃព្រហស្បតិ៍ នាយកបុគ្គលិករួមរបស់មន្ទីរបញ្ចកោណ សម្រាប់ប្រតិបត្តិការលោកឧត្តមសេនីយ៍ឯក Douglas Sims II បានប្រាប់សន្និសីទខ្លីមួយថា អ៊ុយក្រែន បានទទួលគ្រាប់បែកចង្កោម ពីសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសដទៃទៀត។

កាលពីថ្ងៃទី០៧ ខែកក្កដា អាមេរិក បានបង្ហាញកញ្ចប់ជំនួយយោធាថ្មី សម្រាប់អ៊ុយក្រែន ដែលក្នុងនោះ ក៏រួមមានគ្រាប់បែកចង្កោមផងដែរ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានព្រមានកាលពីថ្ងៃទី១១ ខែកក្កដាថា យោធារុស្ស៊ី នឹងត្រូវបង្ខំឱ្យប្រើប្រាស់អាវុធស្រដៀងគ្នា ដែលខ្លួនមាននៅក្នុងស្តុកច្រើន ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ប្រសិនបើសហរដ្ឋអាមេរិក ផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅទីក្រុងគៀវ។

គួរបញ្ជាក់ថា គ្រាប់បែកចង្កោមត្រូវបានហាមឃាត់ដោយអនុសញ្ញា ស្តីពីគ្រាប់បែកចង្កោម ដែលត្រូវបានផ្តល់សច្ចាប័នដោយប្រទេសចំនួន១២៣ ប៉ុន្ដែសហរដ្ឋអាមេរិក អ៊ុយក្រែន រុស្ស៊ី ចិន ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងត្បូង មិនបានចុះហត្ថលេខាលើអនុសញ្ញានេះទេ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top