ព័ត៌មានអន្តរជាតិ

ក្រុម G7 បញ្ជាក់ជាថ្មីថា នឹងគាំទ្រ មិនងាករេ ដើម្បីជួយដល់អ៊ុយក្រែន

ប្រភព៖ AFP

ឥណ្ឌា ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ថាលោក Shunichi Suzuki រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានថ្លែងយ៉ាងដូច្នេះ កាលពីថ្ងៃអាទិត្យថា ប្រធានហិរញ្ញវត្ថុមកពីក្រុមប្រទេស ឧស្សាហកម្មទាំង៧ ហៅកាត់ថា ក្រុម G7 បានអះអាងសារជាថ្មីនូវការគាំទ្រ #មិនងាករេ” របស់ពួកគេ ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន ។

លោក Suzuki បានប្រាប់ដល់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅក្នុងប្រទេសឥណ្ឌាថា រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាល នៃក្រុម G-7 មិនបានពិភាក្សាអំពីការអភិវឌ្ឍន៍ថ្មីៗ នៅក្នុងទីផ្សារប្តូរប្រាក់បរទេសឡើយ ។

គួររំលឹកថា កាលពីសប្តាហ៍មុន មេដឹកនាំក្រុម G-7 បានសន្យាថា នឹងផ្តល់ឧបករណ៍យោធា ការហ្វឹកហ្វឺន និង ការស៊ើបការណ៍សម្ងាត់ នៅក្នុងចំណោមទម្រង់ នៃការគាំទ្រផ្សេងទៀត ខណៈដែលប្រទេសអ៊ុយក្រែន បានចាប់ផ្តើមធ្វើការវាយលុក របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ។

ក្រុមប្រទេសទាំងនេះ ក៏បានប្តេជ្ញាផ្តល់ជំនួយ ផ្នែកហិរញ្ញវត្ថុដល់ប្រទេសអ៊ុយក្រែន ដើម្បីជួយខ្លួនទប់ទល់នឹង ផលប៉ះពាល់នៃការឈ្លានពានរបស់រុស្ស៊ី ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top