បរទេស ៖ លោក ស្រែថា ថាវីសិន (Srettha Thavisin) ដែលជាបេក្ខភាព នាយករដ្ឋមន្ត្រីមួយរូប ក្នុងចំណោមបេក្ខភាព នាយករដ្ឋមន្ត្រីទាំងបី របស់គណបក្សភឿថៃ បានប្រកាសថា លោកបានត្រៀមខ្លួន រួចជាស្រេច ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ប្រសិនបើលោកឈ្នះ ការជឿទុកចិត្ត ពីគណបក្សរបស់ភឿថៃ ឱ្យកាន់តំណែងកំពូលនេះ ។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ស្រែថា បានឆ្លើយតបនឹងសំណួរ ដែលសួរចំពេលមានពាក្យ ចចាមអារ៉ាមថា លោកនឹងត្រូវបានតែងតាំង សម្រាប់ការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មី ប្រសិនបើមេដឹកនាំគណបក្ស Move Forward (MFP) លោក Pita Limjaroenrat មិនអាចត្រូវបានគេតែងតាំងជាថ្មី ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការអង្គុយរួម ក្នុងសភានៅថ្ងៃស្អែក ។
លោកបាននិយាយថា “យើងនៅគណបក្សភឿថៃ បានពិភាក្សាលើបញ្ហានេះ អស់រយៈពេលបួនខែហើយ ប្រសិនបើខ្ញុំមិនទាន់ត្រៀមខ្លួនសម្រាប់ការងារទេ ខ្ញុំនឹងមិនជាប់ឈ្មោះជាបេក្ខជន នាយករដ្ឋមន្ត្រីមួយ ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រី ទាំងបីនាក់នោះទេ”។
ទោះយ៉ាងណាក៏ដោយ លោកថាបញ្ហាសំខាន់ជាងនេះ គឺការពន្លឿនការបង្កើតរដ្ឋាភិបាលចម្រុះថ្មី និង វិធានការជំរុញសេដ្ឋកិច្ច។
លោក ស្រែថា បាននិយាយថា មនុស្សជាច្រើន ពិតជាមានបញ្ហាដោយសារសេដ្ឋកិច្ចធ្លាក់ចុះ ហើយថា ទំនួលខុសត្រូវចម្បង របស់គណបក្សភឿថៃ គឺត្រូវយកចិត្តទុកដាក់លើបញ្ហាបន្ទាន់នេះ ។
លោកបាននិយាយទៀតថា ការពិភាក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការផ្លាស់ប្តូរ នៃការវិនិយោគបរទេស ពីប្រទេសថៃ ទៅកាន់ប្រទេសជិតខាង គឺជាបញ្ហាអាទិភាព ដែលត្រូវតែដោះស្រាយឱ្យបានទាន់ពេលវេលា ៕
ប្រែសម្រួលៈ ណៃ តុលា