ព័ត៌មានអន្តរជាតិ

អនុប្រធាន គណបក្សភឿថៃ ថា ការចង់កែមាត្រា ២៧២ ដែលមិនឱ្យសមាជិកព្រឹទ្ធសភា បោះឆ្នោត គឺពិបាកជាងយកតំណែង នាយករដ្ឋមន្រ្តី ទៅទៀត

ប្រភព ៖ AFP

បរទេស ៖ លោក Phumtham Wechayachai ដែលអនុប្រធាន គណបក្សភឿថៃ និងជាដៃគូសម្ព័ន្ធមិត្តបក្សចម្រុះ បាននិយាយថា មេដឹកនាំគណបក្ស ឆ្ពោះទៅមុខ ឬ Move Forward គឺលោក Pita Limjaroenrat ដែលជាបេក្ខជន នាយករដ្ឋមន្ត្រី គួរតែមានភាពប្រាកដប្រជា អំពីលទ្ធផល នៃការបោះឆ្នោតជុំទីពីរ សម្រាប់តំណែងនាយករដ្ឋមន្ត្រី ។

យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ការអត្ថាធិប្បាយនេះ ត្រូវបានគេមើលឃើញថា ជាការបង្ហាញពីការផ្លាស់ប្តូរ ដែលអាចកើតមាន ចំពោះការបង្កើតក្រុមចម្រុះ ដែលដឹកនាំដោយគណបក្សឆ្ពោះទៅមុខ ។

លោក Phumtham បានធ្វើអត្ថាធិប្បាយបែបនេះ ទៅកាន់អ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំនៃដៃគូសម្ព័ន្ធអនាគត ទាំងប្រាំបីកាលពីថ្ងៃច័ន្ទ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅលោក Pita បាន​បរាជ័យ​ក្នុង​ការ​ឈ្នះ​សំឡេង​ឆ្នោត​ឱ្យបានគ្រប់ចំនួន ៣៧៥ ដែល​តម្រូវ​ឲ្យ​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី ខណៈ​សមាជិក​ព្រឹទ្ធសភា​តែ ១៣ នាក់​ប៉ុណ្ណោះ​បាន​បោះឆ្នោត​គាំទ្រលោក ។ ទោះបីជាសមាជិកសភាទាំង ៣១២ រូបនៃក្រុមចម្រុះ ដែលមានសក្តានុពល បានបោះឆ្នោតគាំទ្រ លោកក៏ដោយ ក៏លោក Pita នៅតែខ្វះសំឡេងគាំទ្រ ដដែល។

ចំពោះ​ការ​ជំរុញ​របស់​លោក Pita ក្នុង​ការ​ធ្វើ​វិសោធនកម្ម​មាត្រា ២៧២ ត្រូវបានលោក Phumtham ដែលជាអនុប្រធានបក្សភឿថៃ និយាយ​ថា ការប៉ុនប៉ងនេះវា​រឹត​តែ​តឹងរ៉ឹង ​ជាង​ការ​ឈ្នះ​តំណែង​ នាយករដ្ឋមន្ត្រី​ទៅ​ទៀត។

មាត្រា ២៧២ នៃរដ្ឋធម្មនុញ្ញ តម្រូវថា ក្នុងរយៈពេល ៥ ឆ្នាំដំបូង នៃការចូលជាធរមាននៃធម្មនុញ្ញ នាយករដ្ឋមន្ត្រីត្រូវតែត្រូវ បានជ្រើសរើសដោយសំឡេង ភាគច្រើនសាមញ្ញនៅក្នុងសភារួម ។

លោក Phumtham បាននិយាយទៀតថា ដើម្បីជាប់ឆ្នោតជានាយករដ្ឋមន្ត្រី លោក Pita ត្រូវការសំឡេង ៦៤ថែមទៀត ពីសមាជិកព្រឹទ្ធសភា ប៉ុន្តែដើម្បីធ្វើវិសោធនកម្មធម្មនុញ្ញ ប្លុកនេះនឹងត្រូវការ រហូតដល់ ៨៤សំឡេងពីសមាជិកព្រឹទ្ធសភា ខណៈដែលសមាជិកសភា នៅខាងក្រៅប្លុកប្រាកដ ជាមិនគាំទ្រនោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top