ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ​បាញ់​មី​ស៊ី​លផ្លោង ​២​គ្រាប់​ឆ្ពោះទៅ​សមុទ្រ​ជប៉ុន​

រូបភាពពី៖​ AFP

សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ដោយបានបាញ់ទៅកាន់សមុទ្រជប៉ុន នៅព្រឹកថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Yasukazu Hamada បានប្រាប់អ្នកយកព័ត៌មានថា មីស៊ីលទាំងពីរគ្រាប់ទំនងជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេស ដែលលាតសន្ធឹងចម្ងាយប្រហែល ៣៧០ គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខ្លួន។

លោក Hamada បានលើកឡើងថា មីស៊ីលនីមួយៗបានហោះបានចម្ងាយរហូតដល់ ៦០០ គីឡូម៉ែត្រ ជាមួយនឹងរយៈកម្ពស់ខ្ពស់បំផុតប្រហែល ៥០ គីឡូម៉ែត្រ ដោយបន្ថែមថា មីស៊ីលទាំង ២គ្រាប់ប្រហែលជាបានធ្វើដំណើរលើគន្លងមិនទៀងទាត់។

យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលចេញពីក្បែរតំបន់ស៊ូណាន នៃទីក្រុងព្យុងយ៉ាង នៅចន្លោះម៉ោងប្រហែល ៣ និង៣០ព្រឹកដល់ម៉ោង ៣ និង ៤៦នាទីទៀបភ្លឺ។

លោក Hamada បានលើកឡើងថា រដ្ឋាភិបាលជប៉ុន មិនបានទទួលរបាយការណ៍អំពីការខូចខាតដល់យន្តហោះ ឬកប៉ាល់បន្ទាប់ពីការបាញ់បង្ហោះ និងបានដាក់ការតវ៉ា ទៅកាន់ប្រទេសកូរ៉េខាងជើង តាមរយៈបណ្តាញការទូតនោះទេ។

ចំណាត់ការចុងក្រោយរបស់ទីក្រុងព្យុងយ៉ាង បានកើតឡើងបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានរៀបចំកិច្ចប្រជុំលើកដំបូង នៃក្របខ័ណ្ឌក្រុមប្រឹក្សានុយក្លេអ៊ែររបស់ពួកគេនៅក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ ហើយបានយល់ព្រមធ្វើសមយុទ្ធយោធារួមគ្នា និងការក្លែងធ្វើសង្គ្រាម ដើម្បីរារាំងកូរ៉េខាងជើង ពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

នាវាមុជទឹកដើរដោយថាមពលនុយក្លេអែររបស់សហរដ្ឋអាមេរិក ដែលអាចបំពាក់មីស៊ីលផ្លោងបានធ្វើដំណើរទៅកាន់កំពង់ផែកូរ៉េខាងត្បូង ក្នុងថ្ងៃតែមួយ។ ក្រុង​ព្យុងយ៉ាង ​បាន​បាញ់​សាកល្បង​កាំជ្រួច​មីស៊ីល​អន្តរទ្វីប Hwasong-18 ឥន្ធនៈ​រឹង​កាលពី​សប្តាហ៍​មុន ដែល​បាន​កំណត់​ពេលវេលា​ហោះហើរ​ជា​កំណត់ត្រា ​សម្រាប់​ការ​បាញ់​សាកល្បង​ដោយ​ប្រទេស​នេះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top