តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែទទួលខុសត្រូវ ចំពោះភាពជាប់គាំងក្នុងការចរចា ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងភាពតានតឹង ដែលកំពុងកើនឡើង នៅក្នុងតំបន់ឈូងសមុទ្រ។
លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយ លើការវិវឌ្ឍន៍ចុងក្រោយបង្អស់ទាក់ទងនឹង កិច្ចចរចាដោយប្រយោលរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម ( JCPOA) ។
លោក Kanaani បានលើកឡើងថា ផ្លូវចរចានៅតែបើកចំហ ហើយការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ អាចត្រូវបានអនុវត្តតាមរយៈបណ្តាញការទូត ដោយជំរុញឱ្យភាគីអាមេរិក បង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួន និងធ្វើការសម្រេចចិត្តនយោបាយ “ច្បាស់លាស់” ដល់ទីបញ្ចប់នេះ។
អ៊ីរ៉ង់បានចុះហត្ថលេខាលើ JCPOA កាលពីខែកក្កដា ឆ្នាំ២០១៥ ជាមួយប្រទេសចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី សហភាពអឺរ៉ុប អង់គ្លេស និងសហរដ្ឋអាមេរិក។ ខ្លួនបានយល់ព្រមដាក់ការទប់ស្កាត់ មួយចំនួនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនចេញពីកិច្ចព្រមព្រៀង កាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគី របស់ខ្លួនឡើងវិញលើទីក្រុងតេអេរ៉ង់។
ភាពតានតឹងរវាងប្រទេសទាំងពីរនៅតែ មានកម្រិតខ្ពស់ចាប់តាំងពីពេលនោះមក។ ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានបង្ហាញពីចេតនារបស់ខ្លួន ក្នុងការបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងទៅកាន់ច្រកសមុទ្រ Hormuz ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់របស់អ៊ីរ៉ង់ថា “ការប៉ុនប៉ងរឹបអូសយកនាវាដឹកប្រេង”។
លោក Kanaani បានរិះគន់ចំណាត់ការ របស់មន្ទីរបញ្ចកោណថាជា “ញុះញង់ មិនស្ថាបនា និងអស្ថិរភាព” ដោយសន្យាថា “មានភាពរសើបខ្លាំង” ចំពោះសកម្មភាព “បង្កហេតុ និងខុសច្បាប់” ណាមួយនៅជិតព្រំដែនអ៊ីរ៉ង់ ៕
ប្រែសម្រួល ឈូក បូរ៉ា