ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីប៉ាឡេស្ទីន ៖​ ទឹកដីប្រទេសរបស់លោក​ ប្រឈមមុខនឹងស្ថានភាព ស្មុគស្មាញ ដែលមិនធ្លាប់មានពីមុនមក

ប្រភព​ ៖ AFP

រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammad Shtayyeh បានព្រមានថា ទឹកដីប៉ាឡេស្ទីន កំពុងជួបប្រទះនូវស្ថានភាពស្មុគស្មាញដែលមិនធ្លាប់មានពីមុនមកនៅគ្រប់កម្រិតទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងរ៉ាម៉ាឡា នៃតំបន់វេសបែង ជាមួយលោក Stephen Hickey នាយកកិច្ចការមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង នៅការិយាល័យការបរទេសអង់គ្លេស លោក Shtayyeh បានគូសបញ្ជាក់អំពី “អវត្តមាននៃជើងមេឃនយោបាយ ការបិទផ្លូវហិរញ្ញវត្ថុ និងការលួចចម្លងលុយរបស់អ៊ីស្រាអែល” ជាកត្តារួមចំណែកដល់បញ្ហាប្រឈមទាំងនេះ។

លោកបានបន្ថែមថា “វិធានការរបស់អ៊ីស្រាអែល ដែលយើងកំពុងធ្វើជាសាក្សី ដូចជាការលុកលុយចូលទៅក្នុង តំបន់ប៉ាឡេស្ទីន និងការបង្កើនល្បឿននៃសកម្មភាពតាំងទីលំនៅ បង្កើតឱ្យមានការកាន់កាប់ឡើងវិញនៃតំបន់វេសបែង រួមទាំងទីក្រុង ភូមិ និងជំរុំជនភៀសខ្លួន” ។

លោក Shtayyeh បានជំរុញឱ្យចក្រភពអង់គ្លេសធ្វើការរួមជាមួយនឹងសហគមន៍អន្តរជាតិ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យគោរពតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាទាំងអស់ រួមទាំងការរៀបចំការបោះឆ្នោតនៅគ្រប់ទឹកដីប៉ាឡេស្ទីន និងបញ្ឈប់រាល់វិធានការឯកតោភាគីទាំងអស់។

ក្នុងអំឡុងពេលកិច្ចប្រជុំរបស់គាត់នៅពេលក្រោយនៅថ្ងៃចន្ទជាមួយរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន Riyad Al-Maliki លោក Hickey បានលើកឡើងថា “វាមានសារៈសំខាន់ក្នុងការបើកបណ្តាញនៃការសន្ទនាស្ថាបនាឡើងវិញ ដើម្បីធានាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់” នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការបរទេសប៉ាឡេស្ទីន។

លោក Hickey ត្រូវបានដកស្រង់សម្តីដោយសេចក្តីថ្លែងការណ៍ថា “រដ្ឋាភិបាលអង់គ្លេសគាំទ្ររដ្ឋាភិបាលប៉ាឡេស្ទីន និងប្រជាជនប៉ាឡេស្ទីន”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top