ប៉េកាំង៖ យោងតាមនិយតករ IP កំពូលរបស់ប្រទេសចិន បានឱ្យដឹងថា ប្រទេសចិន បានក្លាយជាអ្នករួមចំណែកដ៏សំខាន់ ក្នុងការច្នៃប្រឌិតសកលនៅក្នុងបច្ចេកវិទ្យាពណ៌បៃតង និងកាបូនទាប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Ge Shu មន្ត្រីជាន់ខ្ពស់ នៃរដ្ឋបាលកម្មសិទ្ធិបញ្ញាជាតិ (NIPA) បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ស្ថិតិចុងក្រោយបង្ហាញថា ប្រទេសចិន គឺជាអ្នករួមចំណែកដ៏សំខាន់ដល់ការច្នៃប្រឌិតសកលក្នុងបច្ចេកវិទ្យាពណ៌បៃតង និងកាបូនទាប” ។
លោកបានបន្ថែមថា ប៉ាតង់របស់ចិន បានទទួលប៉ាតង់ការច្នៃប្រឌិតចំនួន ១៧៨០០០ នៅក្នុងបច្ចេកវិទ្យាពណ៌បៃតង និងកាបូនទាប ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ដែលស្មើនឹង ៣១,៩ ភាគរយនៃចំនួនសរុបទូទាំងពិភពលោក។
សហគ្រាស និងវិទ្យាស្ថានស្រាវជ្រាវចិនចំនួន ១៣ បានចូលក្នុងបញ្ជីអ្នកកាន់កាប់កំពូល ៥០ នៅលើពិភពលោក នៃប៉ាតង់ការច្នៃប្រឌិតបច្ចេកវិទ្យាពណ៌បៃតង និងកាបូនទាប រួមទាំងសហគ្រាសរដ្ឋធំៗដូចជា សាជីវកម្មរដ្ឋ State Grid Corporation នៃប្រទេសចិន និងក្រុមហ៊ុន China Southern Power Grid Co., Ltd. និងក្រុមហ៊ុនឯកជនផ្សេងទៀត ដូចជា Contemporary Amperex Technology Co., Limited និង BYD Company Limited ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន បានឃើញការរីកចម្រើនមិនគួរឱ្យជឿ នៅក្នុងវិស័យបច្ចេកវិទ្យាផ្ទុកថាមពលប្រកបដោយភាពច្នៃប្រឌិត។ ចំនួនប៉ាតង់នៃការច្នៃប្រឌិត ដែលត្រូវបានផ្តល់នៅក្នុងការស្តុកទុកថាមពលគីមីនៅក្នុងប្រទេសចិនបានកើនឡើងពី ៤៣០០ ក្នុងឆ្នាំ២០១៦ ដល់ ១៣០០០ នៅឆ្នាំ២០២២ ដែលឥឡូវនេះស្មើនឹង ៤៤,៩ ភាគរយនៃចំនួនសរុបសកលលោក៕ ប្រែសម្រួល ឈូក បូរ៉ា