ព័ត៌មានអន្តរជាតិ

រុស្ស៊ី ពិនិត្យឃើញថា កប៉ាល់ដែលកំពុងធ្វើដំណើរទៅកាន់កំពង់ផែអ៊ុយក្រែន នៅសមុទ្រខ្មៅ ជា​អ្នកដឹកជញ្ជូនទំនិញយោធា​

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយ​ថា ប្រទេសរុស្ស៊ី នឹងចាត់ទុកកប៉ាល់ទាំងអស់ ដែលធ្វើដំណើរក្នុងដែនទឹក នៃសមុទ្រខ្មៅ ទៅកាន់កំពង់ផែអ៊ុយក្រែន ថាជានាវាផ្ទុកទំនិញយោធា ដែលមានសក្តានុពល ។

ប្រភពបានឲ្យដឹងថា “ដោយសារតែការបញ្ចប់នៃគំនិត ផ្តួចផ្តើមសមុទ្រខ្មៅ និងការទប់ស្កាត់ច្រករបៀងមនុស្សធម៌ តាមសមុទ្រ កប៉ាល់ទាំងអស់ ដែលកំពុងធ្វើដំណើរទៅកាន់កំពង់ផែអ៊ុយក្រែន ក្នុងសមុទ្រខ្មៅ នឹងត្រូវបានចាត់ទុកថា ជានាវាផ្ទុកទំនិញយោធាដ៏មានសក្តានុពល ចាប់ពីម៉ោង ១២យប់ ម៉ោងនៅទីក្រុងម៉ូស្គូ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ”។

ក្រសួងបានកត់សម្គាល់ថា ប្រទេសដែលទង់ជាតិនឹងមានវត្តមាន នៅលើនាវាទាំងនោះនឹងត្រូវបានចាត់ទុកថា ជាភាគីនៃជម្លោះ ពីភាគីអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ប្រភពបានបន្ថែមថា តំបន់មួយចំនួននៅភាគពាយ័ព្យ និងភាគអាគ្នេយ៍ នៃដែនទឹកអន្តរជាតិនៃសមុទ្រខ្មៅត្រូវបានប្រកាសជាបណ្តោះអាសន្នថា មានគ្រោះថ្នាក់សម្រាប់ការធ្វើនាវាចរ។

រុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាដាច់ដោយឡែកជាមួយតួកគី និងអង្គការសហប្រជាជាតិ អំពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ឆ្នាំ២០២២ ដែលបានអនុញ្ញាតឱ្យអ៊ុយក្រែន នាំចេញគ្រាប់ធញ្ញជាតិនិងផលិតផលកសិកម្មផ្សេងទៀតពីកំពង់ផែសមុទ្រខ្មៅរបស់ខ្លួន។

ទីក្រុងមូស្គូ បានផ្អាកការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដោយលើកឡើងថា ខ្លួននឹងត្រលប់ទៅកិច្ចព្រមព្រៀងវិញភ្លាមៗនៅពេលដែលផ្នែករុស្ស៊ី នៃកិច្ចព្រមព្រៀងត្រូវបានបំពេញ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top