តូក្យូ៖ ប្រទេសជប៉ុន បានដាក់កូរ៉េខាងត្បូងទៅក្នុងបញ្ជីដៃគូ ពាណិជ្ជកម្ម ដែលពេញចិត្ត របស់ខ្លួនបន្ទាប់ពីរយៈពេល ៤ឆ្នាំ ខណៈដែលទំនាក់ទំនង រវាងប្រទេសទាំងពីរបន្តប្រសើរឡើង បន្ទាប់ពីមានជម្លោះជាច្រើនឆ្នាំ ជុំវិញបញ្ហាសង្គ្រាម ។
ជាមួយនឹងការកែប្រែបទបញ្ជាគណៈរដ្ឋមន្ត្រី ដែលមានប្រសិទ្ធភាពក្នុងថ្ងៃតែមួយ ការនាំចេញភាគច្រើនទៅកាន់កូរ៉េខាងត្បូង មិនទាមទារការអនុញ្ញាតនោះទេ។ ប្រទេសនេះបានចូលរួមជាមួយប្រទេស ដែលពេញចិត្តចំនួន ២៦ ផ្សេងទៀតក្នុងបញ្ជីរួមទាំងប្រទេស អង់គ្លេស និងសហរដ្ឋអាមេរិក។
ការផ្លាស់ប្តូរនេះកើតឡើង បន្ទាប់ពីមានជំហានស្រដៀងគ្នា ដោយកូរ៉េខាងត្បូង ទាក់ទងនឹងស្ថានភាពពាណិជ្ជកម្ម របស់ប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។
កូរ៉េខាងត្បូងត្រូវបានដកចេញពីបញ្ជីសរបស់ប្រទេសជប៉ុន ដែលហៅថាប្រទេស ដែលមានសិទ្ធិរឹតបន្តឹងពាណិជ្ជកម្មអប្បបរមា នៅក្នុងខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីតុលាការកំពូលរបស់ខ្លួន កាលពីឆ្នាំមុន បានបញ្ជាឱ្យក្រុមហ៊ុនជប៉ុន ចំនួនពីរ ផ្តល់សំណងដល់ដើមបណ្តឹងកូរ៉េ លើការចោទប្រកាន់លើការងារ ដោយបង្ខំដែលទាក់ទងនឹងការគ្រប់គ្រង អាណានិគមជប៉ុនឆ្នាំ១៩១០-១៩៤៥ នៃឧបទ្វីបកូរ៉េ។
ទោះបីជាត្រូវបានមើលឃើញយ៉ាង ទូលំទូលាយថា ជាជំហានសងសឹកក៏ដោយ ប្រទេសជប៉ុន នៅពេលនោះបានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភលើប្រព័ន្ធ នាំចេញរបស់កូរ៉េខាងត្បូង ហើយចាំបាច់ត្រូវធានាថា ទំនិញនាំចេញនឹងត្រូវបានរារាំង មិនឱ្យហូរទៅកាន់ប្រទេសកូរ៉េខាងជើង និងប្រទេសដែលមានការ ព្រួយបារម្ភផ្សេងទៀត។
ក្រោយមកទីក្រុងសេអ៊ូល បានដកប្រទេសជប៉ុន ចេញពីបញ្ជីសរបស់ខ្លួនផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរភាព ជាអ្នកដឹកនាំ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានជំរុញឱ្យប្រទេសទាំងពីរផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ដើម្បីកែសម្រួលទំនាក់ទំនងទ្វេភាគី ដែលនាំឱ្យមានកិច្ចប្រជុំកំពូលរវាងនាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នៅក្នុងខែមីនា។
ក្នុងខែដដែលនេះ ប្រទេសជប៉ុន បានបន្ធូរបន្ថយការគ្រប់គ្រង ការនាំចេញលើសម្ភារផលិត semiconductor សំខាន់ៗចំនួនបី ដែលចងភ្ជាប់ សម្រាប់កូរ៉េខាងត្បូង ជាការឆ្លើយតប ទៅនឹងទីក្រុងសេអ៊ូល ដែលដកពាក្យបណ្តឹង របស់ខ្លួននៅអង្គការ ពាណិជ្ជកម្មពិភពលោក ជុំវិញការត្រួតពិនិត្យការនាំចេញ៕
ប្រែសម្រួល ឈូក បូរ៉ា