ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង បានថ្កោលទោសកិច្ចប្រជុំ នៃក្រុមប្រឹក្សានុយក្លេអ៊ែរ រវាងអាមេរិក និងកូរ៉េខាងត្បូង ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ។
KCNA បានដកស្រង់សេចក្តីថ្លែងការណ៍របស់លោក Kang Sun Nam រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើងថា “ជាពិសេស កងកម្លាំងអរិភាព បានបង្កការគំរាមកំហែងនុយក្លេអ៊ែរ ដែលមិនក្លែងបន្លំ និងដោយផ្ទាល់បំផុត ចំពោះកូរ៉េខាងជើង ដោយនាំយកនាវាមុជទឹកនុយក្លេអ៊ែរ យុទ្ធសាស្ត្រថ្នាក់អូហ៊ីយ៉ូ ទៅកាន់មូលដ្ឋានប្រតិបត្តិការកំពង់ផែពូសាន ដែលមានន័យថា អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ត្រូវបានដាក់ពង្រាយនៅលើឧបទ្វីបកូរ៉េ ជាលើកដំបូង បន្ទាប់ពី ៤០ ឆ្នាំ”។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្នុងចំណោមប្រទេស ប្រដាប់អាវុធនុយក្លេអ៊ែរ លើពិភពលោក សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់ ដែលបានបើកគោលនយោបាយរបស់ខ្លួន ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ប្រឆាំងនឹងប្រទេសជាក់លាក់មួយ ដោយបន្ថែមថា ស្ថានភាពសន្តិសុខយោធានៅលើឧបទ្វីបកូរ៉េ បានឆ្លងកាត់ ការផ្លាស់ប្តូរជាមូលដ្ឋាន ដោយសារតែចលនាយោធា ដែលមិនប្រុងប្រយ័ត្នរបស់សហរដ្ឋអាមេរិក និងបក្ខពួករបស់ខ្លួន”។
សេចក្តីថ្លែងការណ៍បានព្រមានថា “ភាពមើលឃើញកាន់តែខ្លាំងឡើង នៃការដាក់ពង្រាយនាវាមុជទឹក នុយក្លេអ៊ែរយុទ្ធសាស្ត្រ និងទ្រព្យសម្បត្តិយុទ្ធសាស្ត្រផ្សេងទៀត អាចធ្លាក់ក្រោមលក្ខខណ្ឌនៃ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលបានបញ្ជាក់នៅក្នុងច្បាប់កូរ៉េខាងជើង ស្តីពីគោលនយោបាយកម្លាំងនុយក្លេអ៊ែរ”។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា កងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង នឹងបំពេញបេសកកម្មដ៏សំខាន់របស់ពួកគេ សម្រាប់ការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេស និងទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់អាស៊ីឦសាន ៕
ប្រែសម្រួល ឈូក បូរ៉ា