អាមេរិក៖ ក្រុមហ៊ុន Taiwan Semiconductor Manufacturing Company Limited (TSMC) ដែលជាក្រុមហ៊ុនោលិតបន្ទះឈីបខ្នាតយក្ស បានឲ្យដឹងថា ការផលិតនៅរោងចក្ររបស់ខ្លួន ដែលបានគ្រោងទុកដំបូងរបស់ខ្លួន នៅក្នុងរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក នឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ២០២៥។
ប្រធាន TSMC លោក Mark Liu បានបញ្ជាក់ពីការពន្យារពេល ក្នុងអំឡុងពេលសន្និសីទ ស្តីពីប្រាក់ចំណូលដោយឲ្យដឹងថា ក្រុមហ៊ុនមិនមានកម្មករជំនាញគ្រប់គ្រាន់ ដើម្បីដំឡើងឧបករណ៍ទំនើបៗ នៅរោងចក្រនេះបើយោងតាម ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
លោកបានបន្តថា ក្រុមហ៊ុនកំពុងបញ្ជូនអ្នកបច្ចេកទេស ជំនាញមកពីក្រៅសហរដ្ឋអាមេរិក ទៅរោងចក្រអារីហ្សូណា ប៉ុន្តែមិនបានបង្ហាញចំនួននេះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រុមហ៊ុនផលិតបន្ទះឈីប ឈានមុខគេរបស់ពិភពលោក បានចាប់ផ្តើមសាងសង់អគារស្មុគស្មាញ នៅរដ្ឋអារីហ្សូណាក្នុងឆ្នាំ២០២១ ហើយដើមឡើយគ្រោងនឹងចាប់ផ្តើម ផលិតកម្មដ៏ធំនៅចុងឆ្នាំ២០២៤ ។ រោងចក្រទីពីរដែលផលិតបន្ទះឈីប ៣មីលីម៉ែត្រ តូចជាង និងស្មុគស្មាញជាងនេះគ្រោងនឹង បើកដំណើរការនៅឆ្នាំ២០២៦ ។
បច្ចុប្បន្នក្រុមហ៊ុននេះប្រឈមមុខ នឹងបញ្ហាជាច្រើនក្នុងការដំណើរការ រោងចក្រនៅសហរដ្ឋអាមេរិក ដែលធំបំផុតរួមមានកង្វះបុគ្គលិកជំនាញ និងការចំណាយខ្ពស់ជាង នៅសហរដ្ឋអាមេរិកជាងនៅអាស៊ី។
របាយការណ៍របស់ Deloitte ក្នុងឆ្នាំនេះ បានប៉ាន់ប្រមាណថា ឧស្សាហកម្ម semiconductor របស់សហរដ្ឋអាមេរិក នឹងប្រឈមមុខនឹងការខ្វះខាតកម្មករពី ៧០០០០ ទៅ ៩០០០០ នាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
របាយការណ៍ឆ្នាំ២០២០ ដោយសមាគមឧស្សាហកម្ម Semiconductor បានឱ្យដឹងថា ការចំណាយលើការកាន់កាប់ រោងចក្រផលិតបន្ទះឈីបថ្មី នៅសហរដ្ឋអាមេរិក គឺប្រហែលពី ៣០ ទៅ ៥០ ភាគរយខ្ពស់ជាងរោងចក្រនៅអាស៊ី ៕
ប្រែសម្រួល ឈូក បូរ៉ា