ព័ត៌មានអន្តរជាតិ

អាមេរិក ​បន្ត​ជួប​ប្រទះ​ នឹង​លក្ខខណ្ឌ​អាកាសធាតុ កាន់តែអាក្រក់

AFP

វ៉ាស៊ីនតោន៖ រលកកំដៅដែលអូសបន្លាយអស់ជាច្រើនសប្តាហ៍ នៅក្នុងសហរដ្ឋអាមេរិក នៅតែបន្តបោកបក់មកលើតំបន់ដ៏ធំនៃប្រទេសនេះ ខណៈដែលផ្នែកខ្លះត្រូវបានវាយប្រហារដោយព្យុះផ្គររន្ទះខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក (NWS) បានចេញការជូនដំណឹងអំពីកំដៅ ដែលចូលជាធរមាននៅថ្ងៃចន្ទសម្រាប់ប្រជាជនអាមេរិកចំនួន ៤០ លាននាក់នៅទូទាំងរដ្ឋ យ៉ាងហោចណាស់រាប់សិបចាប់ពីម៉ុនតាណារហូតដល់រដ្ឋតិចសាស់ និងផ្លរីដា។

យោងតាមការព្យាករណ៍អាកាសធាតុចុងក្រោយបង្អស់បានឱ្យដឹងថា សីតុណ្ហភាពក្តៅខ្លាំងនឹងបន្តនៅភាគនិរតីនៃសហរដ្ឋអាមេរិក ខណៈពេលដែលកាន់តែខ្លាំងនៅភាគខាងលិចនៃសប្តាហ៍នេះ។ លំហកំដៅ​ដែល​ស្ថិត​នៅ​លើ​ភាគនិរតី​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​លាត​សន្ធឹង​ចូល​ទៅ​ភាគ​កណ្តាល ​ភាគ​ខាងលិច ​នៅ​ថ្ងៃ​ចន្ទសប្ដាហ៍ក្រោយ។

សីតុណ្ហភាពត្រូវបានព្យាករណ៍ថានឹងឡើងដល់ ឬលើសពី ៤៣ អង្សាសេ នៅក្នុងរដ្ឋនានា រួមទាំងរដ្ឋកាលីហ្វ័រញ៉ា និងអារីហ្សូណា។ ទីក្រុងPhoenix របស់រដ្ឋអារីហ្សូណា ស្ថិតនៅលើកំណត់ត្រារយៈពេល ២៤ថ្ងៃជាប់ៗគ្នា ជាមួយនឹងសីតុណ្ហភាពនៅ ឬលើសពី ៤៣ អង្សាសេ។

ទន្ទឹមនឹងនេះ ព្យុះផ្គររន្ទះខ្លាំងត្រូវបានព្យាករណ៍ សម្រាប់ផ្នែកមួយចំនួននៃរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក។ព្យុះផ្គររន្ទះនឹងបន្តកើនឡើងនៅក្នុងការគ្របដណ្តប់ និងកម្រិតខ្លាំងរហូតដល់ថ្ងៃច័ន្ទ ខណៈដែលកំដៅពេលថ្ងៃធ្វើឱ្យបរិយាកាសអស្ថិរភាព។ យោងតាមមជ្ឈមណ្ឌលព្យាករណ៍ព្យុះ NWS បានឱ្យដឹងថា ព្យុះដ៏ខ្លាំងបំផុតនឹងបង្កហានិភ័យនៃខ្យល់បោកបក់ក្នុងតំបន់ ដែលបំផ្លិចបំផ្លាញ។

ពិភពលោក​បាន​ឡើង​កម្តៅ​ខ្លាំង​បំផុត​ក្នុង​ខែ​មិថុនា ក្នុង​កំណត់ត្រា​អាកាសធាតុ​ពិភពលោក​រយៈពេល ១៧៤ ឆ្នាំ។ យោងតាមរដ្ឋបាល មហាសមុទ្រ និងបរិយាកាសជាតិអាមេរិក (NOAA) បានឱ្យដឹងថា សីតុណ្ហភាពជាមធ្យមលើផ្ទៃផែនដីក្នុងខែមិថុនាគឺ ១,០៥ អង្សារសេ លើសពីមធ្យម ដោយចំណាត់ថ្នាក់ខែមិថុនា ឆ្នាំ២០២៣ ជាខែមិថុនា ដែលក្តៅបំផុតរបស់ផែនដីនៅលើកំណត់ត្រា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top