បរទេស៖ សមាជិកព្រឹទ្ធសភាមិនជំទាស់នឹង ការពន្យារពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនោះទេ បន្ទាប់ពីការស្នើសុំរបស់ គណៈកម្មាធិការសភា ទៅកាន់តុលាការធម្មនុញ្ញ ឱ្យផ្អាកការបោះឆ្នោតនាយករដ្ឋមន្ត្រីជុំទីពីរ ដែលបានកំណត់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈកម្មាធិការសភាកំពុងសាកសួរ ជាឯកច្ឆ័ន្ទលើតុលាការអំពីធម្មនុញ្ញភាព នៃសមាជិកសភាដែលរារាំងមេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat ពីការបន្តតែងតាំងជាបេក្ខជន នាយករដ្ឋមន្ត្រីក្នុងសម័យប្រជុំកាលពីថ្ងៃពុធ (១៩កក្កដា)។
ព្រឹទ្ធសមាជិក និងសមាជិកសភាមកពីដៃគូនៃសម្ព័ន្ធ ដែលជិតផុតអាណត្តិបានបោះឆ្នោតថា ការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីធ្វើឡើងតាមមាត្រា ៤១ នៃបទប្បញ្ញត្តិនៃកិច្ចប្រជុំសភា។
មាត្រា ៤១ ចែងថា ញត្តិដែលត្រូវបានច្រានចោល ដោយសភារួចហើយ មិនអាចបញ្ជូនមកពិភាក្សា ក្នុងសម័យប្រជុំដដែលបានឡើយ លុះត្រាតែប្រធានអង្គប្រជុំសម្រេច ស្ថានភាពមួយចំនួនបានផ្លាស់ប្តូរ។
បន្ទាប់ពីសេចក្តីសម្រេច របស់គណៈកម្មាធិការសភា ត្រូវបានប្រកាស លោក Somchai Sawaengkarn ព្រឹទ្ធសមាជិក និងជាទីប្រឹក្សាព្រឹទ្ធសភា បាននិយាយថា សមាជិកព្រឹទ្ធសភាមិនជំទាស់ទេ ប្រសិនបើការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសនេះ ត្រូវពន្យារពេល។
លោកបាននិយាយថា ប្រធានសភាលោក Wan Muhamad Noor Matha មានសិទ្ធិអំណាចក្នុងការពន្យារពេល សម័យប្រជុំបោះឆ្នោត ហើយអាចប្រកាសការសម្រេចចិត្ត របស់គាត់ក្នុងអំឡុងពេល សម័យប្រជុំមុននៅថ្ងៃអង្គារ ថ្ងៃទី ២៦ ខែកក្កដា។
លោក Somchai បានប៉ាន់ស្មានថា កាលបរិច្ឆេទបោះឆ្នោតថ្មីអាចត្រូវបាន កំណត់ឱ្យបានឆាប់នៅថ្ងៃទី៣ ខែសីហា ឬបន្ទាប់ពីតុលាការធម្មនុញ្ញ ចេញសាលក្រមលើបណ្តឹងឧទ្ធរណ៍ របស់គណៈកម្មាធិការសភា ៕
ប្រែសម្រួលៈ ណៃ តុលា