ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន ត្រូវគណៈកម្មាធិការរៀបចំការបោះឆ្នោតចេញដីការចាប់ខ្លួន និងបញ្ជាក់មិនឱ្យធានានៅក្រៅឃុំ

AFP

បរទេស៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសប៉ាគីស្ថាន បានចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី គឺលោក Imran Khan ដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទមើលងាយចំពោះការប្រើប្រាស់ “ភាសាមិនសមរម្យ” ប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនរបស់ប៉ាគីស្ថាន បានរាយការណ៍ថា អាជ្ញាធររៀបចំការបោះឆ្នោតបានចេញដីកាចាប់ខ្លួនប្រភេទដែលមិនអាចនៅក្រៅឃុំបានកាលពីថ្ងៃចន្ទ ដោយណែនាំដល់អគ្គអធិការក្រុង អ៊ីស្លាមប៉ាដ ឱ្យនាំលោក Khan ទៅឃុំឃាំងជុំវិញ “សុន្ទរកថាមើលងាយ” ដែលលោក Khan ត្រូវបានចោទប្រកាន់ពីបទធ្វើអំពីគណៈកម្មការនេះ។ អតីតនាយករដ្ឋមន្ត្រីត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនចំពោះមុខមន្ត្រីនៅថ្ងៃអង្គារ។

គណបក្សនយោបាយរបស់លោក Khan គឺ Pakistan Tehreek-i-Insaf (PTI) ក្រោយមកបានចែករំលែករូបភាពនៃដីកានេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបង្ហាញតែទំព័រដំបូងនៃឯកសារប៉ុណ្ណោះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top