បរទេស៖ ប្រធានតំបន់ លោក Sergey Aksyonov បានប្រកាសថា ឃ្លាំងអាវុធរុស្ស៊ីមួយកន្លែងនៅតំបន់ Crimea ត្រូវបានវាយប្រហារដោយការវាយឆ្មក់មួយយប់ របស់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ។ ក្រសួងការពារជាតិរុស្ស៊ី ក៏បាននិយាយថា យោធាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (UAV) សរុបចំនួន ១៧ គ្រឿង ខណៈដែលប្រភពទាំងពីរបានអះអាងកាលពីព្រឹកថ្ងៃចន្ទថា មិនមានអ្នករងរបួសក្នុងអំឡុងពេលប្រតិបត្តិការការពារនោះឡើយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា យោធារុស្ស៊ីបានទម្លាក់យន្តហោះអ៊ុយក្រែនភាគច្រើនដោយប្រើប្រព័ន្ធការពារសញ្ញាអេឡិចត្រូនិក។ យន្តហោះគ្មានមនុស្សបើកចំនួន ១១ គ្រឿងបានបរាជ័យក្នុងការហោះទៅដល់តំបន់ Crimea ហើយបានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ ដោយក្នុងនោះ យន្តហោះគ្មានមនុស្សបើក ៣គ្រឿងបានធ្លាក់មកលើដី ហើយ៣គ្រឿងទៀតត្រូវបានគេរាយការណ៍ថា ត្រូវបាន “បាញ់ទម្លាក់” ។
ការខូចខាតឃ្លាំងនៅក្នុងស្រុក Jankoy ទំនងជាលទ្ធផលគួរឲ្យកត់សម្គាល់បំផុត នៃការវាយឆ្មក់ពេលយប់។ លោក Aksyonov បាននិយាយថា រដ្ឋបាលរបស់លោកបានសម្រេចចិត្តជម្លៀស ប្រជាជនចេញពីចម្ងាយ ៥ គីឡូម៉ែត្រនៃទីតាំងយោធា ហើយផ្អាកការធ្វើដំណើរតាមរថភ្លើង និងចរាចរណ៍ផ្លូវថ្នល់ជាការប្រុងប្រយ័ត្ន។ មន្ត្រីរូបនេះបានបន្ថែមថា យន្តហោះដ្រូនមួយគ្រឿងដែលធ្លាក់នោះបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិឯកជនផងដែរ។
ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដាច់ដោយឡែកមួយបានកើតឡើង នៅពេលយប់នៅក្នុងរដ្ឋធានីមូស្គូរបស់រុស្ស៊ី ដែល UAVs ពីរគ្រឿងបានធ្លាក់ចូលទៅក្នុងអគារពាណិជ្ជកម្ម ប៉ុន្តែយ៉ាងណាក៏ដោយ គ្មានគ្រោះថ្នាក់ត្រូវបានគេរាយការណ៍ឡើយ៕ ប្រែសម្រួលៈ ណៃ តុលា