ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីល រយៈចម្ងាយខ្លីចំនួន២គ្រាប់ ធ្លាក់ចូលសមុទ្រខាងកើត

រូបភាពពី៖​ AFP

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ថា ប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានលើកឡើងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន២គ្រាប់ចូលក្នុងសមុទ្រ នៅឆ្នេរភាគខាងកើតរបស់ខ្លួនកាលពីល្ងាចថ្ងៃចន្ទ ខណៈភាពតានតឹងនៅតែមានខ្ពស់ជុំវិញការធ្វើតេស្តអាវុធជាញឹកញាប់របស់ក្រុងព្យុងយ៉ាង ។

ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា គ្រាប់មីស៊ីលទី១បានហោះបានចម្ងាយប្រហែល៣៥០គីឡូម៉ែត្រ និងគ្រាប់ទី២ប្រហែល៤០០គីឡូម៉ែត្រ ដែលគ្រាប់មីស៊ីលទាំង២នេះបានឈានដល់កម្ពស់ប្រហែល១០០គីឡូម៉ែត្រ ។

ក្រសួងខាងលើបានឲ្យដឹងទៀតថា គ្រាប់មីស៊ីលនេះទំនងជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចស្វ័យយ័តរបស់ប្រទេស នេះដែលលាតសន្ធឹងប្រហែល៣៧០គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខ្លួន ។

អគ្គសេនាធិការចម្រុះរបស់យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា គ្រាប់មីស៊ីលត្រូវបានបាញ់ចេញពីក្បែរទីក្រុងព្យុងយ៉ាងនៅចន្លោះម៉ោង១១និង៥៥នាទីយប់ និងពាក់កណ្តាលអធ្រាត្រ ។

នៅថ្ងៃអង្គារនេះ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានថ្កោលទោសកូរ៉េខាងជើង ចំពោះការរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ដែលហាមឃាត់ខ្លួនពីការបាញ់មីស៊ីលផ្លោង ដោយបានលើកឡើងថា ការបង្កហេតុរបស់ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងដល់ “សន្តិភាព និងស្ថិរភាពរបស់ប្រទេសជប៉ុន តំបន់ និងសហគមន៍អន្តរជាតិ” ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top