ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ព្យាយាមបង្កើត រណសិរ្សអន្ដរជាតិ ដើម្បីបន្តកិច្ចចរចាសន្តិភាព ជាមួយអ៊ីស្រាអែល

ប្រភព ៖ AFP
" "

រ៉ាម៉ាឡា ៖ មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនបានឲ្យដឹងថា ថ្នាក់ដឹកនាំប៉ាឡេស្ទីន កំពុងខិតខំប្រឹងប្រែង ដើម្បីបង្កើតរណសិរ្សអន្តរជាតិ ដ៏ធំទូលាយមួយ ដើម្បីបន្តដំណើរការសន្តិភាព ជាមួយអ៊ីស្រាអែល ដែលបានជាប់គាំងតាំងពីឆ្នាំ២០១៤ មក ។

លោក Majdi Al-Khaldi ទីប្រឹក្សាការទូតរបស់ប្រធានាធិបតី ប៉ាឡេស្ទីនលោក Mahmoud Abbas បានប្រាប់វិទ្យុសម្លេងប៉ាឡេស្ទីនថា ការបន្តកិច្ចចរចាសន្តិភាព ដែលជាប់គាំងជាមួយអ៊ីស្រាអែល “គួរតែផ្អែកលើការអនុវត្តដំណោះស្រាយអន្តរជាតិ និងគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់” ។

" "

លោក Al-Khaldi បានលើកឡើងថា “ជំហររបស់ប៉ាឡេស្ទីន គឺច្បាស់លាស់ និងស្គាល់គ្រប់ភាគី អន្តរជាតិទាំងអស់” ដោយសំដៅលើដំណើរ ទស្សនកិច្ចរបស់លោក Abbas ទៅកាន់ប្រទេសមួយចំនួន “ដើម្បីជំរុញផ្លូវនយោបាយ និងការពារបញ្ហាណាមួយដែលកើតឡើង”។

" "

លោកបានអំពាវនាវឱ្យមានរណសិរ្សអន្តរជាតិ ដែលយល់ព្រម និងសម្របសម្រួលក្រោមឆ័ត្ររបស់អង្គការ សហប្រជាជាតិ ដើម្បីអនុវត្តច្បាប់អន្តរជាតិ ដោយបញ្ចប់ការកាន់កាប់ របស់អ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Abbas ក៏នឹងស្វែងរកផងដែរ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចបច្ចុប្បន្ន របស់លោក ទៅកាន់ប្រទេសតួកគី និងបន្ទាប់មកទៅកាន់ប្រទេសអេហ្ស៊ីប នៅចុងខែកក្កដា “ដើម្បីពង្រឹងជំហរអារ៉ាប់ ក្នុងការប្រឈមមុខនឹងវិធានការទាំងនេះ ដែលធ្វើឡើងដោយអ៊ីស្រាអែល” ។

ការចរចាសន្តិភាពដោយ ផ្ទាល់ចុងក្រោយរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានបញ្ឈប់នៅក្នុងឆ្នាំ២០១៤ ដោយសារតែមានភាពខុសគ្នា លើបញ្ហានៃការតាំងទីលំនៅ សន្តិសុខ និងការទទួលស្គាល់រដ្ឋ ប៉ាឡេស្ទីន។

ប៉ាឡេស្ទីនចង់បង្កើតរដ្ឋប៉ាឡេស្ទីន ឯករាជ្យមួយជាមួយអ៊ីស្រាអែល នៅលើទឹកដីប៉ាឡេស្ទីនទាំងអស់ ដែលកាន់កាប់ដោយអ៊ីស្រាអែល ក្នុងឆ្នាំ១៩៦៧ រួមទាំងតំបន់វេសបែង និងហ្គាហ្សាស្ទ្រីព ដែលមាន ​យេរ៉ូសាឡឹម ខាងកើតជារដ្ឋធានីរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top