ព័ត៌មានអន្តរជាតិ

ការពង្រីកអង្គការណាតូ បម្រើផលប្រយោជន៍​អាមេរិក ធ្វើឱ្យខូចខាតដល់ អរិយធម៌អឺរ៉ាស៊ី

ប្រភព ៖ AFP

ប៊ូដាប៊ែស ៖ ​មេដឹកនាំ​គណបក្ស ​នយោបាយ​ស្តាំ​និយម​ហុងគ្រី ចលនា​មាតុភូមិ​យើង លោក Laszlo Toroczkai បានប្រាប់កាសែត Sputnik ឲ្យដឹងថា ការពង្រីក​អង្គការ​អូតង់ ​ទៅកាន់ចុង​បូព៌ា ​បម្រើ​ផលប្រយោជន៍ ​របស់​សហរដ្ឋ​អាមេរិក និង​បំផ្លាញ​អរិយធម៌​អឺរ៉ាស៊ី ​។

លោកបានលើកឡើងថា “យើងជាមូលដ្ឋានប្រឆាំង នឹងការពង្រីកអង្គការណាតូ ​ទៅកាន់ចុងបូព៌ា ពីព្រោះវាធ្វើឱ្យភាពតានតឹងដ៏គ្រោះថ្នាក់ និងធ្វើឱ្យខូចខាតកាន់តែខ្លាំងឡើង រវាងផ្នែកខាងលិច និងភាគខាងកើត នៃអរិយធម៌របស់យើង។

លោក Toroczkai បានបន្ដ​ថា ផលប្រយោជន៍​របស់​សហរដ្ឋអាមេរិក​នេះ ​ប៉ះពាល់​ដល់​ការ​ខូចខាត​យ៉ាង​ច្រើន​ ដល់​អរិយធម៌​អឺរ៉ាស៊ី ដែល​រុស្ស៊ី​ជា​ផ្នែក​មួយ​។
ទីក្រុងមូស្គូ បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ប្រទេសនេះមិនមានចេតនាឈ្លានពាន ចំពោះរដ្ឋណាមួយឡើយ ខណៈដែល អង្គការណាតូ មានគោលបំណងពង្រីកទៅក្នុងលំហក្រោយសូវៀត ដើម្បីបង្កជម្លោះនៅជិតព្រំដែនរុស្ស៊ី ។

លោក Laszlo Toroczkai ក៏បានឲ្យដឹងផងដែរថា គណបក្សនយោបាយស្តាំនិយម ជ្រុលហុងគ្រី ចលនាមាតុភូមិយើង ដែលលោកដឹកនាំនឹងបោះឆ្នោតប្រឆាំង នឹងការចូលជាសមាជិកណាតូ របស់ប្រទេសស៊ុយអែត ហើយអំពាវនាវឱ្យសភាធ្វើការវេតូ ការពង្រីកសម្ព័ន្ធភាពនេះ ។

លោក Toroczkai បានបន្ថែមថា “យើងច្រានចោលទាំងស្រុង នូវការពង្រីករបស់ណាតូ ហើយនឹងបោះឆ្នោតប្រឆាំងនឹងវា ដូចយើងបានធ្វើជាមួយនឹង ការបោះឆ្នោតប្រឆាំងនឹងការចូល នៃប្រទេសហ្វាំងឡង់” ។ អ្នកនយោបាយរូបនេះ បានបន្ថែមថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងមិនផ្អែក លើសកម្មភាពរបស់មន្ត្រីស៊ុយអែតនោះទេ ប៉ុន្តែនៅលើស្ថានការណ៍ នយោបាយពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top